»  ផលិតផល និង​សេវា  »  សេវា​ធនាគារ​អេឡិចត្រូនិក  »  សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត

សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត

សូម​ទាញ​យក​កម្មវិធី​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត ពី ៖
» របៀប​អនុវត្ត​ប្រើ​កម្មវិធី​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត

សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត គឺ​ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​អតិថិជន និង​សាធារណ​ជន​ទូទៅ ដែល​ធ្លាប់ ឬ​មិន​ធ្លាប់​ប្រើ​សេវា​ធនាគារ​ពី​មុន​មក ជា​មួយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ឬ​ធនាគារ​ផ្សេង អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង iOS ។

អត្ថប្រយោជន៍

  • ផ្តល់​ភាព​ងាយ​ស្រួល រហ័ស​ទាន់​ចិត្ត និង​មាន​សុវត្ថិភាព​ខ្ពស់​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ​តាម​រយៈ សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត ។
  • កាត់​បន្ថយ​ការ​ចំណាយ និង​សន្សំ​ពេល​វេលា ដោយ​មិន​ចាំ​បាច់​ធ្វើ​ដំណើរ​មក​កាន់​ការិយាល័យ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។
  • អាច​ពិនិត្យ​មើល​ព័ត៌មាន​គណនី និង​ធ្វើ​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់ ទូទាត់ បញ្ចូល​ទឹក​ប្រាក់​ទូរស័ព្ទ ឬ​ទូទាត់​ថ្លៃ​ទំនិញ-សេវាកម្ម​តាម​រយៈ QR Code នៅ​គ្រប់​ទីកន្លែង និង​គ្រប់​ពេល​វេលា តាម​រយៈ​ទូរស័ព្ទ​ចល័ត​ផ្ទាល់​ខ្លួន ។
  • កាត់​បន្ថយ​ហានិភ័យ​ទាក់​ទង​នឹង​ការ​នាំ​សាច់​បា្រក់​តាម​ខ្លួន សម្រាប់​ធ្វើ​ការ​ទូទាត់ រួម​ទាំង​ការ​រាប់​លុយ​លើស ខ្វះ និង​លុយ​ក្លែង​ក្លាយ​ជា​ដើម ។
  • អាច​មើល​ព័ត៌មាន​មួយ​ចំនួន​ទាក់​ទង​នឹង​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដូចជា ៖ មើល​ទីតាំង (សាខា​ធនាគារ​អេស៊ីលីដា, ម៉ាស៊ីន​អេធីអឹម, ម៉ាស៊ីន​ឆូតកាត), អត្រា​ប្តូរ​ប្រាក់, ពាណិជ្ជកម្ម, លក្ខខណ្ឌ​សុវត្ថិភាព, របៀប​ប្រើ​ប្រាស់, និង​ព័ត៌មាន​របស់​ធនាគារ​អេស៊ីលីដា ជា​ដើម ។
  • មាន​ឱកាស​ប្រើ​ប្រាស់​ផលិតផល-សេវាកម្ម​ផ្សេងៗ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។

សេវា​ធនាគារ​ដែល​អាច​ធ្វើ​ប្រតិបត្តិការ​បាន

  • ពិនិត្យ​មើល​សមតុល្យ​គណនី និង​របាយការណ៍​គណនី​សង្ខេប
  • ផ្ទេរ​ប្រាក់​រវាង​គណនី​ផ្ទាល់​ខ្លួន (គណនី​ទាន់​ចិត្ត និង​គណនី​ធនាគារ)
    • ផ្ទេរ​ពី គណនី​ទាន់​ចិត្ត ទៅ គណនី​ទាន់​ចិត្ត
    • ផ្ទេរ​ពី គណនី​ទាន់​ចិត្ត ទៅ គណនី​ធនាគារ
    • ផ្ទេរ​ពី គណនី​ធនាគារ ទៅ គណនី​ទាន់​ចិត្ត
    • ផ្ទេរ​ពី គណនី​ធនាគារ ទៅ គណនី​ធនាគារ
  • ផ្ទេរ​ប្រាក់​ពី​គណនី​ទាន់​ចិត្ត ទៅ​គណនី​ទាន់​ចិត្ត ឬ​ទៅ​លេខ​ទូរស័ព្ទ​ចល័ត​របស់​អ្នក​ផ្សេង
  • ផ្ទេរ​ប្រាក់​ទៅ​គណនី​ធនាគារ
    • ផ្ទេរ​ពី គណនី​ទាន់​ចិត្ត ទៅ គណនី​ធនាគារ
    • ផ្ទេរ​ពី គណនី​ធនាគារ ទៅ គណនី​ធនាគារ
  • ដាក់​ប្រាក់​ចូល​គណនី​អេស៊ីលីដា​ទាន់​ចិត្ត នៅ​តាម​សាខា​ធនាគារ​អេស៊ីលីដា
  • ដក​ប្រាក់​ពី​គណនី​អេស៊ីលីដា​ទាន់​ចិត្ត នៅ​តាម​សាខា​ធនាគារ​អេស៊ីលីដា
  • ដក​ប្រាក់​ផ្ទេរ​តាម​លេខ​ទូរស័ព្ទ​ចល័ត នៅ​តាម​សាខា​ធនាគារ​អេស៊ីលីដា
  • ទូទាត់​វិក្កយបត្រ (បង់​ថ្លៃ​ប្រើ​ប្រាស់​ភ្លើង, ទឹក, ទូរស័ព្ទ, អ៊ីន​ធើណែត ឬ​សាលារៀន...)
  • ទូទាត់​ទាន់​ចិត្ត (Payment ToanChet & P2P via QR Code)
  • បញ្ចូល​ទឹក​ប្រាក់​ទូរស័ព្ទ
  • សេវា​ផ្សេង​ទៀត
គណនី​ធនាគារ​ដែល​បាន​ភ្ជាប់​ជា​មួយ​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត​រួច​ហើយ មិន​អាច​ទូទាត់​វិក្កយបត្រ បញ្ចូល​ទឹក​ប្រាក់ និង​ទូទាត់​ទាន់​ចិត្ត​បាន​ទេ ។

ប្រភេទ​ទូរស័ព្ទ​ដែល​អាច​តម្លើង​កម្មវិធី​អេស៊ីលីដា​ទាន់​ចិត្ត​បាន

ទូរស័ព្ទ​ចល័ត​ស្ទើរ​តែ​គ្រប់​ប្រភេទ​ដែល​ដំណើរការ​ដោយ Android និង iOS និង​គ្រប់​ប្រព័ន្ធ​ទូរស័ព្ទ អាច​ភ្ជាប់​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត​បាន ។ ចំពោះ​អ្នក​ទទួល​ប្រាក់​ផ្ទេរ​តាម​រយ:​សេវា​នេះ ប្រើ​ទូរស័ព្ទ​ចល័ត​ប្រភេទ​ណា​មួយ​ក៏​អាច​ទទួល​ប្រាក់​បាន​ដែរ ។

ប្រភេទ​ប្រាក់

  • សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត អាច​ធ្វើ​ប្រតិបត្តិការ​បាន​រូបិយ​ប័ណ្ណ​ពីរ​ប្រភេទ គឺ​ប្រាក់​រៀល និង​ប្រាក់​ដុល្លារ​អាមេរិក ។
  • ករណី​មាន​ប្រតិបត្តិការ​ណា​មួយ​កើត​ឡើង​ជា​រូបិយ​ប័ណ្ណ​ផ្សេង​ពី​រូបិយ​ប័ណ្ណ​នៃ​គណនី​របស់​លោកអ្នក ធនាគារ​នឹង​ធ្វើ​ការ​ប្តូរ​រូបិយ​ប័ណ្ណ​នោះ​ដោយ​ស្វ័យ​ប្រវត្តិ តាម​អត្រា​ប្តូរ​ប្រាក់​ផ្លូវ​ការ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។

លក្ខណ​សម្បត្តិ​អតិថិជន​ដែល​អាច​ភ្ជាប់​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត​បាន

  • ត្រូវ​មាន​អាយុ​យ៉ាង​តិច ១៨​ឆ្នាំ (នីតិជន) ។
  • ត្រូវ​មាន​ទូរស័ព្ទ​ចល័ត​មួយ​គ្រឿង ដែល​ប្រតិបត្តិការ​ដោយ iOSAndroid និង​លេខ​ទូរស័ព្ទ ។
  • ត្រូវ​មាន​ឯកសារ​សម្គាល់​អត្តសញ្ញាណ ដូចជា ៖ អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ, សៀវភៅ​គ្រួសារ, លិខិត​ឆ្លង​ដែន (នៅ​មាន​សុពល​ភាព​យ៉ាង​តិច ៣​ខែ), ឬ​ឯកសារ​បញ្ជាក់​ពី​អត្ត​សញ្ញាណ​ប្រហាក់​ប្រហែល​ផ្សេង​ទៀត​ដែល​មាន​ភ្ជាប់​ជា​មួយ​នូវ​រូប​ថត​របស់​អតិថិជន ដែល​ចេញ​ផ្សាយ​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច ។
  • ត្រូវ​យល់​ព្រម និង​ទទួល​ខុស​ត្រូវ​លើ​គ្រប់​លក្ខខណ្ឌ​ដែល​មាន​ចែង​នៅ​ក្នុង​លក្ខខណ្ឌ​នៃ​ការ​ប្រើ​បា្រស់​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត ។

ការ​ចុះ​ឈ្មោះ​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត

  • ចុះ​ឈ្មោះ​ដោយ​ខ្លួន​ឯង​ផ្ទាល់
    • លោក​អ្នក​អាច​ចុះ​ឈ្មោះ​ប្រើ​ប្រាស់​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត ដោយ​ខ្លួន​ឯង​តាម​រយៈ​ទូរស័ព្ទ​ចល័ត​ផ្ទាល់​ខ្លួន ដោយ​ត្រូវ​ទាញ​យក​កម្មវិធី​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត ពី App Store (iOS)Play Store (Android) នៅ​ក្នុង​ទូរស័ព្ទ​របស់​លោក​អ្នក ។
    • បន្ទាប់​ពី​ទាញ​យក​បាន​រួច​រាល់​ហើយ សូម​ដំណើរការ​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត ដោយ​ជ្រើ​សរើស​ប៊ូតុង "ចុះ​ឈ្មោះ" ។
    • លោក​អ្នក​ត្រូវបំពេញព័ត៌មាន ដូចជា ៖ លេខ​ទូរស័ព្ទ, ឈ្មោះ, ភេទ, ថ្ងៃ​ខែ​ឆ្នាំ​កំណើត, ប្រភេទ​ឯកសារ​សម្គាល់​អត្តសញ្ញាណ, អាសយដ្ឋាន, និង​ថត​រូប​ជាក់​ស្តែង (Selfie) ភ្ជាប់​ជា​មួយ​លិខិត​សម្គាល់​អត្ត​សញ្ញាណ ។
  • ចុះ​ឈ្មោះ​នៅ​ការិយាល័យ​ធនាគារ
    • ករណី​លោក​អ្នក​មិន​អាច​ទាញ​យក​កម្មវិធី​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត​ដោយ​ខ្លួន​ឯង​បាន សូម​លោក​អ្នក​អញ្ជើញ​មក​កាន់​ការិយាល័យ ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល​នៅ​ជិត​បំផុត ។
    • ត្រូវ​មាន​ទូរស័ព្ទ​ដៃ​ប្រតិបត្តិការ​ដោយ iOSAndroid និង​លេខ​ទូរស័ព្ទ ។
    • ត្រូវ​មាន​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ, សៀវភៅ​គ្រួសារ, លិខិត​ឆ្លង​ដែន (នៅ​មាន​សុពលភាព​យ៉ាង​តិច​៣ខែ) ឬ​ឯកសារ​បញ្ជាក់​ពី​អត្ត​សញ្ញាណ​ប្រហាក់​ប្រហែល​ផ្សេង​ទៀត​ដែល​មាន​បិទ​រូបថត​របស់​អតិថិជន ។
  • ចុះ​ឈ្មោះ​ធ្វើ​ជា​ដៃ​គូ​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត ដើម្បី​អាច​ប្រមូល​ប្រាក់​ថ្លៃ​ទំនិញ-សេវាកម្ម តាម​រយៈ QR Code ។
    • សូម​អញ្ជើញ​មក​កាន់​ធនាគារ​អេស៊ីលីដា ដើម្បី​ដាក់​ពាក្យ​ស្នើ​សុំ​ធ្វើ​ជា​ដៃគូ​អេស៊ីលីដា​ទាន់​ចិត្ត ។
    • ភ្ជាប់​ជា​មួយ​នូវ​អត្ត​ស​ញ្ញាណ​ប័ណ្ណ ឬ​លិខិត​ឆ្លង​ដែន (នៅ​មាន​សុពលភាព​យ៉ាង​តិច​៣ខែ) ឬ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ផ្សេង​ទៀត​ដែល​មាន​បិទ​រូប​ថត​របស់​ដៃគូ​អេស៊ីលីដា​ទាន់​ចិត្ត ។
    • ត្រូវ​មាន​អាសយដ្ឋាន​ទំនាក់​ទំនង​ច្បាស់​លាស់​នៅ​ក្នុង​តំបន់​ប្រតិបត្តិការ​របស់​ធនាគារ​អេស៊ីលីដា ។

ការ​ដាក់​ប្រាក់/ដក​ប្រាក់​នៃ​គណនី​អេស៊ីលីដា​ទាន់​ចិត្ត

  • ការ​ដាក់​ប្រាក់​នៅ​បញ្ជរ
    លោក​អ្នក​អាច​ដាក់​ប្រាក់​ចូល​គណនី​អេស៊ីលីដា​ទាន់​ចិត្ត នៅ​ការិយាល័យ​របស់​ធនាគារ​អេស៊ីលីដា ដោយ​យក​ទូរស័ព្ទ និង​លេខ​ទូរស័ព្ទ​មក​ជា​មួយ ។ លោក​អ្នក​នឹង​ទទួល​បាន​សារ (SMS) ចូល​ទូរស័ព្ទ​ដែល​បញ្ជាក់​ពី​ចំនួន​ទឹក​ប្រាក់​ដែល​បាន​ដាក់​ចូល​គណនី ។
  • ការ​ដក​ប្រាក់​នៅ​បញ្ជរ
    លោក​អ្នក​អាច​ដក​ប្រាក់​ពី​គណនី​អេស៊ីលីដា​ទាន់​ចិត្ត ឬ​ដក​ប្រាក់​ផ្ទេរ​តាម​លេខ​ទូរស័ព្ទ នៅ​ការិយាល័យ​ធនាគារ​អេស៊ីលីដា ដោយ​ផ្តល់​ព័ត៌មាន​ដូច​ខាង​ក្រោម ៖
    • លេខ​គណនី​អេស៊ីលីដា​ទាន់​ចិត្ត ឬ​លេខ​ទូរស័ព្ទ
    • ចំនួន​ទឹក​ប្រាក់​ដែល​ត្រូវ​ដក
    • លេខ​សម្ងាត់​ផ្ទាល់​ខ្លួន​ដែល​ភ្ជាប់​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត ឬ​លេខ​សម្ងាត់​មាស (Gold Code) ដែល​ទទួល​បាន​ពី​អ្នក​ផ្ទេរ​ប្រាក់
    • លេខ​សម្ងាត់​បណ្តោះ​អាសន្ន (OTP) នឹង​ផ្ញើ​សារ (SMS) ចូល​ក្នុង​ទូរស័ព្ទ ដើម្បី​បញ្ជាក់​ប្រតិបត្តិការ​ដក​ប្រាក់​របស់​លោក​អ្នក

ថ្លៃ​សេវា

សម្រាប់​ការ​ចុះ​ឈ្មោះ​ប្រើ​ប្រាស់​ និង​ថ្លៃ​សេវា​ប្រចាំ​ខែ​/ប្រចាំ​ឆ្នាំ​របស់​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត ធនាគារ​អេស៊ីលីដា​មិន​គិត​ថ្លៃ​សេវា​ទេ ។

លក្ខខណ្ឌ​សុវត្ថិភាព

  • មិន​ត្រូវ​កត់​ត្រា​លេខ​សម្ងាត់​ផ្ទាល់​ខ្លួន​ទុក​នៅ​លើ​វត្ថុ​អ្វី​មួយ​ទេ ត្រូវ​ទន្ទេញ​ចាំ​មាត់ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់ ។
  • មិន​ត្រូវ​ឲ្យ​គេ​ដឹង ឬ​មើល​ឃើញ​លេខ​សម្ងាត់​នៅ​ពេល​ប្រើ​ប្រាស់​ឡើយ ។ រាល់​ពេល​បញ្ចូល​លេខ​សម្ងាត់​ត្រូវ​ប្រាកដ​ថា​គ្មាន​អ្នក​ណា​លួច​មើល​ទេ ។
  • មិន​ត្រូវ​ភ្ជាប់​ប្រព័ន្ធ ឬ​បញ្ចូល​កម្មវិធី​ដែល​មិន​ស្គាល់​នៅ​ក្នុង​ទូរស័ព្ទ​ឡើយ ។
  • ត្រូវ​ពិនិត្យ​មើល​ទូរស័ព្ទ​ជា​និច្ច ប្រសិន​បើ​រក​ឃើញ​នូវ​កម្មវិធី​ដែល​មិន​ធ្លាប់​ស្គាល់ ត្រូវ​បិទ​និង​សំអាត​ភ្លាម និង/ឬ​ត្រូវ​យក​ទូរស័ព្ទ​នោះ​ទៅ​ឲ្យ​ក្រុមហ៊ុន​ទូរស័ព្ទ​ត្រួត​ពិនិត្យ និង​សំអាត ដើម្បី​ចៀស​វាង​មេរោគ ឬ​ការ​បន្លំ​លួច ។
  • មិន​ត្រូវ​ទុក​ទូរស័ព្ទ​ចោល​ដោយ​មិន​បាន​ចាក់​សោ​ឡើយ ។
  • ត្រូវ​ចាក​ចេញ​ពី​កម្មវិធី​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត នៅ​ពេល​ធ្វើ​ប្រតិបត្តិការ​រួច ។
  • ត្រូវ​ផ្លាស់​ប្តូរ​លេខ​សម្ងាត់​ឲ្យ​បាន​ញឹក​ញាប់ ។
  • ការ​បញ្ចូល​លេខ​សម្ងាត់​មិន​ត្រូវ​ចំនួន​បី​ដង នោះ​ប្រព័ន្ធ​នឹង​បង្ខាំង​ការ​ប្រើប្រាស់​សេវា​អេស៊ីលីដា​យូនីធី​ទាន់ចិត្ត​ដោយ​ស្វ័យ​ប្រវត្តិ ។ ដូច្នេះ​អតិថិជន​ត្រូវ​អញ្ជើញ​មក​ការិយាល័យ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដើម្បី​ស្នើ​សុំ​ដោះ​បង្ខាំង ។
  • អតិថិជន​ត្រូវ​រក្សា​ទូរស័ព្ទ​ដែល​បាន​ភ្ជាប់​ប្រព័ន្ធ សម្រាប់​ប្រើ​សេវា​ធនាគារ​ឲ្យ​មាន​សុវត្ថិភាព​ល្អ ។ ប្រសិន​បើ​ទូរស័ព្ទ​នោះ​ខូច​ប្រើ​មិន​បាន ឬ​បាត់ ត្រូវ​ជូន​ដំណឹង​មក​ធនាគារ​ដើម្បី​ទប់​ស្កាត់​ការ​បន្លំ​ធ្វើ​ប្រតិបត្តិការ​ផ្សេងៗ ។
  • ក្នុង​ករណី​ដែល​អតិថិជន​លក់ ឬ​ផ្ទេរ​ទូរស័ព្ទ​ឲ្យ​អ្នក​ផ្សេង អតិថិជន​ត្រូវ​លុប​ចេញ​នូវ​កម្មវិធី​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត​ពី​ក្នុង​ទូរស័ព្ទ​នោះ ។
  • ធនាគារ​មិន​ទទួល​ខុស​ត្រូវ​ឡើយ​ចំពោះ​ការ​ខាត​បង់​ទាំង​ឡាយ ដែល​ទាក់​ទង​នឹង​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត ប្រសិន​បើ​អតិថិជន​មិន​បាន​អនុវត្ត​តាម​លក្ខខណ្ឌ​សុវត្ថិភាព​នេះ ។

របៀប​ប្រើប្រាស់​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត

សូម​ចុច​ទីនេះ ដើម្បី​ទាញ​យក​របៀប​ប្រើប្រាស់​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត និង​របៀប​អនុវត្ត​ប្រើ​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត ។

សំគាល់ ៖ សម្រាប់​តម្រូវ​ការ​ប្រើ​ប្រាស់​សេវា​ធនាគារ និង​ព័ត៌មាន​ផ្សេងៗ​ទៀត សូម​ទាក់ទង​ជាមួយ​នឹង​សាខា​របស់​យើង​ខ្ញុំ ដែល​មាន​ទី​តាំង​នៅ​ជិត​លោក​អ្នក​បំផុត ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។

បម្រើ ២៤​ម៉ោង
០២៣ ៩៩៤ ៤៤៤
០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

ផែនទី​ទំព័រ
ទម្រង់​ប្រើ​ជា​មួយ​សេវា
ពាក្យ​ស្នើសុំ​ប្រើប្រាស់​សេវា
របៀប​ប្រើ​សេវា​កម្ម
កម្មវិធី​គណនា
ព័ត៌មាន​តាម​អ៊ីម៉ែល
លក្ខខណ្ឌ​សុវត្ថិភាព
កំណត់​ចំណាំ​ផ្នែក​ច្បាប់
ក្រម​ស្តីពី​ការ​ប្រតិបត្តិ​សេវា​ធនាគារ (PDF)
ការិយាល័យ​កណ្តាល
ចុះបញ្ជីក្រោមលេខ: 00003077
អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក
ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រអប់សំបុត្រលេខ: ១១៤៩
ទូរស័ព្ទ: ០២៣ ៩៩៨ ៧៧៧ / ៤៣០ ៩៩៩
ទូរសារ: ០២៣ ៤៣០ ៥៥៥
អ៊ីម៉ែល: acledabank@acledabank.com.kh
SWIFT Code: ACLBKHPP
ចំនួន​អ្នក​កំពុង​ទស្សនា : ៤៨
ចំនួនអ្នក​ទស្សនា​ថ្ងៃនេះ : ១៣.៨១៨
ចំនួនអ្នក​ទស្សនា​ពីម្សិល : ០
តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។