សេចក្តី​ថ្លែងការណ៍

រាជធានី​ភ្នំពេញ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០

សេចក្តី​ថ្លែងការណ៍​នេះ​មាន​គោល​បំណង​ជម្រាប​ជូន​សាធារណជន និង​ពន្យល់​ទៅ​ស្ថាប័ន​សង្គម​ស៊ីវិល​សហព័ន្ធ​សហជីព​កម្ពុជា មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិ​មនុស្ស លីកាដូ ដែល​បាន​អះអាង​ថា​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស ប៉ុន្តែ​ជាក់​ស្តែង​ស្ថាប័ន​សង្គម​ស៊ីវិល​ទាំង​នេះ គឺ​កំពុង​តែ​ព្យាយាម​បំបិទ​សិទ្ធិ​សេរីភាព កិត្តិយស និង​សេចក្ដី​ថ្លៃ​ថ្នូរ​របស់​ប្រជាពលរដ្ឋ ជា​ពិសេស​សិទ្ធិ​រស់​រាន​មាន​ជីវិត មាន​សេរីភាព និង​មាន​សន្តិសុខ​ផ្ទាល់​ខ្លួន ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា តាម​រយៈ​ការ​បំភ្លៃ​បំភ័ន្ត​ប្រជាពលរដ្ឋ​ដែល​កំពុង​តែ​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ឲ្យ​មាន​ការ​យល់​ច្រឡំ និង​បង្ក​ឲ្យ​មាន​ចលាចល​ក្នុង​សង្គម ដើម្បី​ទទួល​បាន​នូវ​ផលប្រយោជន៍​ពី​ម្ចាស់​ជំនួយ និង​អ្នក​បង់​ពន្ធ​ទាំង​អស់​លើ​សកល​លោក​ដែល​ស្ម័គ្រ​ចិត្ត​ផ្តល់​នូវ​អំណោយ។ ស្ថាប័ន​សង្គម​ស៊ីវិល​ទាំង​នោះ​តែង​តែ​ព្យាយាម ដោយ​ចេតនា​ទាញយក​ផលប្រយោជន៍​ពី​សមិទ្ធផល​ដែល​វិស័យ​ឯកជន​បាន​កសាង​ឡើង និង​ចូលរួម​អភិវឌ្ឍន៍​យ៉ាង​សកម្ម​ជា​មួយ​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

តប​ទៅ​នឹង​ការ​សរសេរ​ដែល​មាន​ចំណង​ជើង​ថា "ធ្វើ​ការងារ​រហូត​ជំពាក់​បំណុល​វ័ណ្ឌក" របស់​សហព័ន្ធ​សហជីព​កម្ពុជា មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិ​មនុស្ស លីកាដូ "ភាព​ជំពាក់​បំណុល​ច្រើន​លើស​លុប​ក្នុង​វិស័យ​កាត់​ដេរ​នៅ​ក្នុង​ប្រទេស​កម្ពុជា" គឺ​ជា​ការ​សរសេរ​ដែល​គ្មាន​ការ​ស្រាវជ្រាវ​ប្រកបដោយ​វិជ្ជាជីវៈ គ្មាន​មូលដ្ឋាន​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ មិន​បាន​ស្វែង​យល់​ច្បាស់​អំពី​គោលការណ៍​ច្បាប់ និង​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ ក៏​ដូចជា​គោលការណ៍​ផ្ទៃ​ក្នុង​របស់​ធនាគារ និង​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល​ជា​ការសន្មត​តាម​ចិត្ត មាន​ចរិត​ញុះញង់ និង​មាន​ចេតនា​បំផ្លាញ បង្ខូច​កេរ្តិ៍​ឈ្មោះ​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ។ ការ​បរិយាយ​គ្មាន​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ វិភាគ​ដោយ​ប្រយោល និង​មិន​ស្ថិត​នៅ​ក្នុង​បរិយាកាស​ជាក់​ស្តែង មិន​បាន​ឆ្លុះ​បញ្ចាំង​អំពី​ស្ថានភាព​ពិត​ប្រាកដ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នោះ​ទេ។ ការ​សរសេរ​នេះ​ទៀត​សោត តែង​តែ​ព្យាយាម​កំណត់​ខ្លួន​ឯង​ថា​មាន​តម្លាភាព គណនេយ្យភាព ប៉ុន្តែ​អង្គការ​ទាំង​នេះ មិន​ដែល​បាន​សាក​សួរ​ព័ត៌មាន ឬ​ការ​ពិភាក្សា​ណា​មួយ​ពី​ស្ថាប័ន​សាមី ដោយ​សរសេរ​ផ្ទុយ​ពី​ការ​ពិត ការបរិយាយ​លើ​ទិន្នន័យ​មិន​ពិត​ប្រាកដ ដោយ​គ្មាន​បង្ហាញ​នូវ​សមតិកម្ម​ឲ្យ​បាន​ជាក់​លាក់ តាម​បែប​វិទ្យាសាស្រ្ត ហើយ​តែង​តែ​ជំរុញ​ឲ្យ​មាន​ការ​បាត់បង់​នូវ​ជំនឿ​ទុក​ចិត្ត​ពី​អតិថិជន និង​ដៃគូ​វិនិយោគ​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ។

តាម​រយៈ​ការ​បោះពុម្ព​ផ្សាយ​របស់​ធនាគារ​ពិភពលោក​ជា​ច្រើន​រហូត​ដល់​ឆ្នាំ២០១៩ ជាង​ពីរ​ទសវត្សរ៍​មក​នេះ ប្រទេស​កម្ពុជា ជា​ប្រទេស​មាន​ការអភិវឌ្ឍ​កម្រិត​ខ្ពស់ ស្រប​តាម​ផែនការ​យុទ្ធសាស្រ្ត​របស់​រាជរដ្ឋាភិបាល បាន​ផ្តល់​នូវ​ឱកាស​យ៉ាង​ទូលំទូលាយ​ដល់​សហគ្រាស​គ្រប់​វិស័យ ជា​ពិសេស​ឱកាស​ការងារ​យ៉ាង​សម្បូរ​បែប​ទាំង​ក្នុង​ស្រុក រួម​ទាំង​ការងារ​នៅ​ក្រៅ​ប្រទេស​សម្រាប់​ប្រជាពលរដ្ឋ​ជ្រើស​រើស មិន​មែន​ជា​ការ​ចំណាក​ស្រុក​ដូច​បាន​លើក​ឡើង​នោះ​ទេ។

យើង​ខ្ញុំ​សូម​បញ្ជាក់​ថា​ធនាគារ អេស៊ីលីដា ក៏​ដូចជា​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ទទួល​បាន​អាជ្ញាបណ្ណ ស្ថិត​នៅ​ក្រោម​ច្បាប់​ស្តី​ពី​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ច្បាប់​ពាក់​ព័ន្ធ​ផ្សេងៗ រួមទាំង​ការអនុវត្ត​នូវ​គោលការណ៍​អន្តរជាតិ​មួយ​ចំនួន​ទៀត ដែល​គ្មាន​ការអនុវត្ត​ណា​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ហេតុផល​ផ្សេងៗ​ផ្ទុយ​នឹង​ច្បាប់​នោះ​ទេ។ ស្ថាប័ន​ដែល​បាន​អះអាង​ថា​ជា​ស្ថាប័ន​ការពារ​សិទ្ធិ​មនុស្ស និង​ជំនួយ​ផ្នែក​ច្បាប់ គួរតែ​ស្វែងយល់​ឲ្យ​បាន​ច្រើន​ជាង​នេះ ព្រោះ​ថា​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​អនុលោម​តាម​ច្បាប់ និង​គោលការណ៍​ច្បាស់​លាស់ ដើម្បី​ការពារ​សិទ្ធិ​របស់​អតិថិជន គិត​ពី​ប្រសិទ្ធផល ប្រសិទ្ធភាព ការរីក​ចម្រើន​ជា​មួយ​អតិថិជន​រយៈពេល​វែង។ ជាង​នេះ​ទៀត ការិយាល័យ​ឥណទាន​កម្ពុជា បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្តល់​ទិន្នន័យ​យ៉ាង​ច្បាស់​លាស់​អំពី​កម្រិត​បំណុល​របស់​អតិថិជន​ម្នាក់ៗ។ ការផ្តល់​សេវា​ប្រាក់​កម្ចី​មិន​មែន​ក្នុង​គោលដៅ​សម្រាប់​រឹប​អូស​ទ្រព្យ​សម្បតិ្ត​របស់​អតិថិជន​នោះ​ទេ។

ដើម្បី​សម្រាល​បន្ទុក​ដល់​ម្ចាស់​អាជីវកម្ម ដែល​រង​ផល​ប៉ះពាល់​នៃ​វីរុស​កូវីដ១៩ ប្រមុខ​រាជរដ្ឋា​ភិបាល ជាពិសេស ធនាគារ​ជាតិ នៃ កម្ពុជា បាន​គិតគូរ​រួច​ហើយ ក្នុង​គោល​ដៅ​ការពារ​គ្រប់​ភាគី​ពាក់ព័ន្ធ ដោយ​បាន​ដាក់​ចេញ​នូវ​វិធានការ​ជា​ច្រើន​ដើម្បី​សម្រួល និង​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ។ គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​បាន​ចូល​រួម​អនុវត្ត​យ៉ាង​ពេញ​លេញ និង​តែងតែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អតិថិជន​របស់​ខ្លួន​ជានិច្ច។

ស្ថាប័ន​ដែល​បរិយាយ​មិន​ច្បាស់​ទាំង​នេះ គប្បី​បញ្ឈប់​រាល់​ទង្វើ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​កេរ្តិ៍​ឈ្មោះ​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ដែល​ជា​ឆ្អឹង​ខ្នង​នៃ​សេដ្ឋកិច្ចជាតិ។ ទន្ទឹម​គ្នា​នេះ​ដែរ យើង​ខ្ញុំ​សូម​អំពាវ​នាវ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច មេត្តា​ចាត់​វិធាន​ការ​ច្បាប់​ចំពោះជន ឬ​ក្រុម​ទាំង​ឡាយ​ណា​ដែល​ញុះ​ញង់​ធ្វើ​ឲ្យ​រង្គោះ​រង្គើ ជំរុញ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​ស្ថិរភាព​សេដ្ឋកិច្ច​ជាតិ ធ្វើ​ឲ្យ​បាត់បង់​នូវ​ជំនឿ​ទុក​ចិត្ត សុវត្ថិភាព​ដល់​អ្នក​ដាក់​ប្រាក់​បញ្ញើ ក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​ទាំង​មូល។