» ទំនាក់ទំនង » សំណួរអតិថិជន » សំណួរអតិថិជន អំពីសេវាចាត់ចែងសាច់ប្រាក់
សំណួរអតិថិជន អំពីសេវាចាត់ចែងសាច់ប្រាក់
នៅក្នុងទំព័រនេះ យើងខ្ញុំមានក្តីសោមនស្សសូមបង្ហាញជូនលោកអ្នកនូវចម្លើយចំពោះសំណួរទាំងឡាយដែលអតិថិជនបានសួរជាញឹកញាប់ ។ សូមចុចលើសំណួរនៅខាងក្រោម ដើម្បីមើលចម្លើយ ។ យើងខ្ញុំសង្ឃឹមថា ចម្លើយទាំងនោះមានសារប្រយោជន៍និងផ្តល់ជាព័ត៌មានសម្រាប់លោកអ្នក ។ ក្នុងករណីប្រសិនបើមិនមានចម្លើយដែលលោកអ្នកកំពុងស្វែងរកនៅក្នុងទំព័រនេះទេ ឬមានសំណូមពរនានា ដែលអាចផ្តល់នូវអត្ថប្រយោជន៍តាមបំណងរបស់លោកអ្នក សូមមេត្តាផ្តល់ព័ត៌មានមកយើងខ្ញុំដើម្បីបម្រើជូនលោកអ្នកឱ្យកាន់តែប្រសើរ ។
សេវាប្រមូលប្រាក់បង់ពន្ធលើអចលនទ្រព្យ
- ដូចម្តេចដែលហៅថាសេវាប្រមូលប្រាក់បង់ពន្ធលើអចលនទ្រព្យ ?
សេវាប្រមូលប្រាក់បង់ពន្ធលើអចលនទ្រព្យ គឺជាសេវាប្រមូលសាច់ប្រាក់មួយប្រភេទរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី សម្រាប់ផ្តល់ជូនអតិថិជន និងសាធារណជន ដើម្បីបង់ពន្ធលើអចលនទ្រព្យ ។
- តើសេវានេះផ្តល់អត្ថប្រយោជន៏អ្វីខ្លះដល់អតិថិជន ?
សេវាប្រមូលប្រាក់បង់ពន្ធលើអចលនទ្រព្យផ្តល់អត្ថប្រយោជន៏ជូនអតិថិជនដូចជា ៖
- ងាយស្រួលធ្វើការបង់ពន្ធជូនរដ្ឋតាមរយៈធនាគារអេស៊ីលីដា ដែលមានទីតាំងនៅកៀកអតិថិជន ហើយអាចកាត់បន្ថយចំណាយ និងចំណេញពេលវេលាក្នុងការធ្វើដំណើរ ។
- មានសុវត្ថិភាពក្នុងការទូទាត់តាមរយៈធនាគារអេស៊ីលីដា ។
- មានឱកាសប្រើបា្រស់ផលិតផល-សេវាកម្មផ្សេងៗ របស់ធនាគារអេស៊ីលីដា ។
- តើអតិថិជនត្រូវធ្វើដូចម្តេចខ្លះដើម្បីអាចបង់ពន្ធលើអចលនទ្រព្យបាន ?
សូមអញ្ជើញមកកាន់សាខារបស់ធនាគារអេស៊ីលីដា ដែលស្ថិតនៅជិតលោកអ្នក និងបំពេញពាក្យស្នើសុំប្រើប្រាស់សេវាប្រមូលប្រាក់បង់ពន្ធ ដោយភ្ជាប់ជាមួយនូវ ៖
- លិខិតប្រកាសពន្ធឆ្នាំថ្មី (ករណី លំនៅដ្ឋានមានការកែលម្អ) ឬ
- លិខិតប្រកាសពន្ធ ឬបង្កាន់ដៃបង់ពន្ធឆ្នាំមុន (ករណី លំនៅដ្ឋានមិនមានការកែលម្អ)
- អាចបង់ជាសាច់ប្រាក់ ឬកាត់ចេញពីគណនីគ្រប់ចំនួនតាមតម្លៃពន្ធដែលត្រូវបង់ ។ ធនាគារអេស៊ីលីដា មិនកំណត់ចំនួនទឹកប្រាក់ និងចំនួនប្រតិបត្តិការទេ ។
- តើការបង់ពន្ធលើអចលនទ្រព្យអាចបង់បានជាប្រភេទរូបិយប័ណ្ណអ្វីខ្លះ ?
ការបង់ពន្ធលើអចលនទ្រព្យគឺអតិថិជនត្រូវបង់ជាបា្រក់រៀល ។ ករណីអតិថិជនបង់សាច់ប្រាក់ ឬកាត់ពីគណនីជារូបិយប័ណ្ណផ្សេងៗ ត្រូវឆ្លងកាត់ការប្តូរបា្រក់ទៅជាប្រាក់រៀល ដោយអនុលោមតាមអត្រាប្តូរបា្រក់ផ្លូវ ការរបស់ធនាគារអេស៊ីលីដា ។
- តើធនាគារអេស៊ីលីដា គិតថ្លៃសេវាប្រមូលប្រាក់បង់ពន្ធលើអចលនទ្រព្យយ៉ាងដូចម្តេច ?
ធនាគារអេស៊ីលីដាមិនគិតថ្លៃសេវា សម្រាប់ការបង់ជាសាច់ប្រាក់ ឬកាត់ចេញពីគណនីតាមសាខាធនាគារអេស៊ីលីដា ដែលស្ថិតនៅក្នុងដែនដីរដ្ឋបាលរាជធានី ឬខេត្តតែមួយ ។
សំគាល់ ៖ ធនាគារអេស៊ីលីដា សូមរក្សាសិទ្ធិក្នុងការកែប្រែថ្លៃសេវាកម្មដោយមិនចាំបាច់ជូនដំណឹងជាមុនឡើយ ។ សម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ និងព័ត៌មានផ្សេងៗទៀត សូមទាក់ទងមកការិយាល័យទំនាក់ទំនងអតិថិជន ។