តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

 »  ព័ត៌មាន​អំពី​ធនាគារ  »  ហេតុការណ៍ និង​តួលេខ  »  ក្រុម​ប្រឹក្សា​ភិបាល

ក្រុម​ប្រឹក្សា​ភិបាល

លោក ឆាយ សឿន   ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល

គណៈ​កម្មាធិការ​ក្រុមប្រឹក្សា​ភិបាល ៖ គណៈកម្មាធិការ​គ្រប់គ្រង​ទ្រព្យសកម្ម និង​អកម្ម, គណៈកម្មាធិការ​សវនកម្ម និង​សម្របសម្រួល​កិច្ចការ​ច្បាប់, គណៈកម្មាធិការ​ឥណទាន

ជនជាតិ​ខ្មែរ កើត​ក្នុងខែ​មេសា ឆ្នាំ​១៩៥៤ ។ លោក​បានចូលរួម​ក្នុង​ក្រុមប្រឹក្សាភិបាល​នៅខែ​កញ្ញា ឆ្នាំ​២០១៤ ។ លោក​បានបញ្ចប់​ថ្នាក់អនុបណ្ឌិត​ប្រតិបត្តិ​គ្រប់គ្រង​ពាណិជ្ជកម្ម ជំនាញ​ហិរញ្ញវត្ថុ និង​គណនេយ្យ ពី​សាកល​វិទ្យាល័យ Preston នៅ​សហរដ្ឋអាមេរិក ។ លោក​ក៏បានបញ្ចប់​វគ្គសិក្សា​ស្តីពី​អភិបាលក្រុមហ៊ុន ពី​វិទ្យាស្ថាន​អូស្ត្រាលី​សម្រាប់​អភិបាល​ក្រុមហ៊ុន (GAICD) ។ លោក​បានចូលបម្រើការ​ជាមួយ​អេស៊ីលីដា ចាប់តាំងពី​ខែ​មករា ឆ្នាំ​១៩៩៣ រហូតដល់​ចូលនិវត្តន៍​នៅ​ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០១៤ ។ តួនាទី​ចុងក្រោយ​មុនចូលនិវត្តន៍​របស់​លោក​នៅក្នុង​ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាអនុប្រធាន​នាយក​ប្រតិបត្តិ និង​ជាគណៈប្រធាន​នាយក​ប្រតិបត្តិហិរញ្ញវត្ថុ ។ លោក​ធ្លាប់ធ្វើជា​គណនេយ្យករ និង​ជាអនុប្រធាន​គណនេយ្យករ​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​កំពត ពី​ឆ្នាំ​១៩៨០ ដល់​ឆ្នាំ​១៩៩២ ។

បច្ចុប្បន្ន​លោកជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ធនាគារ អេស៊ីលីដា ភីអិលស៊ី, សមាជិក​ក្រុម​ប្រឹក្សាភិបាល​នៃ​ធនាគារ អេស៊ីលីដា ឡាវ, និង​សមាជិក​ក្រុម​ប្រឹក្សាភិបាល​នៃ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ។

 

បណ្ឌិត អ៊ិន ចាន់នី   អភិបាល

គណៈ​កម្មាធិការ​ក្រុមប្រឹក្សា​ភិបាល ៖ គណៈកម្មាធិការ​គ្រប់គ្រង​ទ្រព្យសកម្ម និងអកម្ម

ជន​ជាតិ​ខ្មែរ កើត​ក្នុង​ខែ​មិថុនា ឆ្នាំ១៩៦០ ។ បណ្ឌិត អ៊ិន ចាន់នី ជា​ប្រធាន​នាយក​ប្រតិបត្តិ របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ចាប់​តាំង​ពីធនាគារ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០០០ ។ លោកបណិ្ឌត​បានចូលរួម​ក្នុង​ក្រុមប្រឹក្សាភិបាល​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ​នៅ​ខែកញ្ញា ឆ្នាំ​២០១៤ ។ បណ្ឌិត អ៊ិន ចាន់នី ជា​សហស្ថាបនិក​របស់​សមាគម​ទីភ្នាក់ងារ​អភិវឌ្ឍ​ន៍​សេដ្ឋកិច្ច​កម្ពុជា (​អេស៊ីលីដា) តាំង​ពីខែ​មករា ឆ្នាំ១៩៩៣ ។ ក្នុង​តួនាទីជាប្រធាន​នាយក​ប្រតិបត្តិ លោក​បណ្ឌិត​ជា​អ្នកដឹក​នាំគណៈកម្មាធិការ​ប្រតិបត្តិ ទទួល​ខុស​ត្រូវ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​រួម និង​ដំណើរ​ការងារ​អាជីវកម្មប្រចាំថ្ងៃ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ព្រម​ទាំង​ប្រតិបត្តិផែនការ​អាជីវកម្ម ។ លោកបណ្ឌិត​ទទួល​ខុស​ត្រូវ​ផ្ទាល់​ចំពោះ​ក្រុម​ប្រឹក្សា​ភិបាល ។

ទំនួល​ខុស​ត្រូវ​ផ្សេងទៀត​របស់​លោក​បណ្ឌិត រួម​មាន ជាប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ អេស៊ីលីដា ឡាវ និង​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំង​ជា​តំណាង​ភាគទុនិក​របស់​ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ី​លីដា, និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ។ លោក​បណ្ឌិត​ក៏​ជា​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​របស់​អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ ។

លោក​បណ្ឌិត​ជា​អ្នក​តំណាង​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល​ជា​សមាជិក​របស់​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក ។

នៅ​ក្នុង​ឆ្នាំ១៩៩៨ លោក​បាន​បញ្ចប់​វគ្គ​គ្រប់​គ្រង​ស្តីពី​ស្ថាប័ន​ហិរញ្ញវត្ថុ​សម្រាប់​អភិវឌ្ឍន៍​សហគ្រាស​ឯកជន (FIPED) ពី​សាកល​វិទ្យាល័យ Harvard សហរដ្ឋ​អាមេរិក ។ លោក​បាន​បញ្ចប់ការសិក្សា​ថ្នាក់បណ្ឌិត ផ្នែក​គ្រប់គ្រង​អាជីវកម្ម និង​បាន​បញ្ចប់​ការសិក្សា​​ពី​វិទ្យាស្ថាន​អូស្ត្រាលី​​សម្រាប់​អភិបាល​ក្រុមហ៊ុន (GAICD) ។

 

លោក រ័ត្ន យូម៉េង   អភិបាល

ជនជាតិ​ខ្មែរ កើត​ក្នុង​ឆ្នាំ១៩៦២ ។ លោក រ័ត្ន យូម៉េង បាន​បម្រើការ​ឱ្យ​អេស៊ីលីដា ចាប់​ពីខែមករា ឆ្នាំ១៩៩៩ ។ ចាប់​ពី​ខែមករា ឆ្នាំ១៩៩៩ ដល់​ខែសីហា ឆ្នាំ២០០៨ លោក​បាន​កាន់​តំណែង​ជា​ច្រើន​ដូចជា ៖ ប្រធាន​គណនេយ្យករ និង​អនុប្រធាន​ហិរញ្ញវត្ថុ (ខែមករា ឆ្នាំ១៩៩៩ ដល់​ខែឧសភា ឆ្នាំ២០០៧), នាយក​នាយកដ្ឋាន​ហិរញ្ញវត្ថុ (ខែមិថុនា ឆ្នាំ២០០៧ ដល់​ខែសីហា ឆ្នាំ២០០៨) និង​ជា​នាយក​ប្រតិបត្តិ​រតនាភិបាល (ខែកញ្ញា ឆ្នាំ២០០៨ ដល់​ខែឧសភា ឆ្នាំ២០១៥) និង​ជា អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈ​ប្រធាន​នាយក​ប្រតិបត្តិ​រតនាភិបាល (ខែ​មិថុនា ឆ្នាំ២០១៥ ដល់​បច្ចុប្បន្ន) ។

លោក​ទទួល​ខុស​ត្រូវ​ដឹកនាំ​ក្រុម​គ្រប់គ្រង និង​ត្រួត​ពិនិត្យ​រតនាភិបាល ដូចជា ៖ នាយកដ្ឋាន​ប្រតិបត្តិការ​ហិរញ្ញវត្ថុ ការិយាល័យ​រតនា​ភិបាល ការិយាល័យ​ប្រាក់តម្កល់ និង​អត្រា​ប្តូរ​រូបិយប័ណ្ណ និង​ការិយាល័យ​រតន​ពាណិជ្ជកម្ម ។ លោក​ក៏​ជា​អ្នក​គាំទ្រ​ផ្នែក​បច្ចេកទេស​ដល់​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ទាក់ទង​នឹង​ការ​គ្រប់​គ្រង​មូលនិធិ ។

បន្ថែម​ពី​នេះ​ទៀត លោក​ក៏​កាន់​មុខ​តំណែង​ជា​ប្រធាន និង​សមាជិក​របស់​គណៈកម្មាធិការ​ជា​ច្រើន​នៅ​ក្នុង​ធនាគារ អេស៊ីលីដា ដូចជា ៖ គណៈកម្មាធិការ​គ្រប់​គ្រង​ទ្រព្យ​សកម្ម និង​អកម្ម, គណៈកម្មាធិការ​កំណត់​ថ្លៃ​លើ​ផលិតផល និង​សេវាកម្ម, គណៈកម្មាធិការ​ធានា​រ៉ាប់រង​មូលបត្រ, និង​គណៈកម្មាធិការ​ឥណទាន ។

ចាប់​ពី​ឆ្នាំ២០០១ រហូត​ដល់​ខែកញ្ញា ឆ្នាំ២០១៤ លោក​ក៏ជា​អ្នក​តំណាង​ភាគទុនិក​របស់​ក្រុមហ៊ុន អេ អេស អេ ដែល​ជា​ភាគទុនិក​ក្នុង​ស្រុកមួយ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។ នៅខែសីហា ឆ្នាំ២០១៤ លោក​បាន​ក្លាយ​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។

លោក​បាន​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​ផ្នែក​ធនាគារ និង​ហិរញ្ញវត្ថុ ពី​សាកលវិទ្យាល័យ វេស្ទើន នៅ​ទីក្រុង​ភ្នំពេញ ។ ចាប់​ពី​ឆ្នាំ១៩៩២ រហូត​មក​ដល់​ខែមីនា ឆ្នាំ១៩៩៦ និង​បាន​បញ្ចប់​ការសិក្សា​​ពី​វិទ្យាស្ថាន​អូស្ត្រាលី​​សម្រាប់​អភិបាល​ក្រុមហ៊ុន (GAICD) ។

 

បណ្ឌិត Pieter Kooi   អភិបាល

គណៈ​កម្មាធិការ​ក្រុមប្រឹក្សា​ភិបាល ៖ គណៈកម្មាធិការ​គ្រប់គ្រង​ហានិភ័យ (ប្រធាន), គណៈកម្មាធិការ​សវនកម្ម និង​សម្របសម្រួល​កិច្ចការច្បាប់ (ប្រធាន), គណៈកម្មាធិការ​គ្រប់គ្រង​ទ្រព្យសកម្ម និង​អកម្ម

ជនជាតិ​ហុល្លង់ដ៍ កើត​ក្នុង​ឆ្នាំ​១៩៥៨ បាន​ចូលរួម​ក្នុង​ក្រុមប្រឹក្សាភិបាល​នៅ​ខែ​តុលា ឆ្នាំ​២០០០ ។ លោក​ទទួល​បាន​អនុបណ្ឌិត​ផ្នែក​ហិរញ្ញវត្ថុ​សាជីវកម្ម និង​សង្គមវិទ្យា នៅ​សាកល​វិទ្យាល័យ Erasmus ក្នុង​ទីក្រុង Rotterdam ប្រទេស​ហុល្លង់ដ៍ ។ ចាប់​ពី​ឆ្នាំ​១៩៩៣ លោក​បាន​ធ្វើ​ជា​ទីប្រឹក្សា​មីក្រូហិរញ្ញវត្ថុឱ្យ​អេស៊ីលីដា រយៈ​ពេល​ជាង ៧ឆ្នាំ ដើម្បី​កម្លាយខ្លួន​ពី​កម្មវិធី​អភិវឌ្ឍន៍​ទៅជា​ធនាគារ​ពាណិជ្ជ ។ ចាប់ពី​ឆ្នាំ១៩៩៩ បណ្ឌិត Pieter Kooi បាន​បម្រើ​ការងារ​ជា​ទីប្រឹក្សា​មីក្រូ​ហិរញ្ញវត្ថុ​រយៈពេលខ្លី ដល់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ នៅក្នុង​ ១៥​ប្រទេស ដែល​ភាគច្រើន​ស្ថិត​ក្នុង​ទ្វីប​អាហ្រ្វិក និង​អាស៊ី ។ ចាប់​ពី​ខែ​កញ្ញា ឆ្នាំ​២០០២ ដល់​ខែ​ធ្នូ ឆ្នាំ​២០០៥ លោក​មាន​តួនាទី​ជា​នាយក​ផ្នែក​មីក្រូ​ហិរញ្ញវត្ថុ​របស់ UNCDF ក្នុង​ទីក្រុង​ញូយ៉ក ។ ចាប់​ពី​ខែ​មីនា ឆ្នាំ​២០០៦ រហូត​ដល់​ខែ​ឧសភា ឆ្នាំ​២០១១ លោក​បាន​ធ្វើ​ជាទីប្រឹក្សា​ក្រៅ​ម៉ោងឱ្យ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុង​ការ​បង្កើត​ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ត្រេននីង សេនធ័រ (បច្ចុប្បន្ន​ជា វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា), និង​អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ។ បច្ចុប្បន្ន​លោក​ធ្វើ​ជា​ក្រុមប្រឹក្សាភិបាល​នៅ​ក្នុង​ស្ថាប័ន​ជា​ច្រើន​នៅ​អាស៊ី ។ លោក​បាន​បញ្ចប់​ការសិក្សា​​ពី​វិទ្យាស្ថាន​អូស្ត្រាលី​​សម្រាប់​អភិបាល​ក្រុមហ៊ុន ។

 

លោក Cornelius Reinhart Gunter Obert   អភិបាល

គណៈ​កម្មាធិការ​ក្រុមប្រឹក្សា​ភិបាល ៖ គណៈកម្មាធិការ​គ្រប់គ្រង​ទ្រព្យ​សកម្ម និង​អកម្ម (ប្រធាន), គណៈកម្មាធិការ​ឥណទាន, គណៈកម្មាធិការ​គ្រប់គ្រង​ហានិភ័យ, គណៈកម្មាធិការ​បច្ចេកវិទ្យា​ព័ត៌មាន

ជនជាតិ​អាល្លឺម៉ង់ កើត​ក្នុង​ឆ្នាំ១៩៥០ ។ លោក​បានចូលរួម​ក្នុង​ក្រុមប្រឹក្សាភិបាល​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅ​ខែ​សីហា ឆ្នាំ២០១៥ ។ លោក​បានបញ្ចប់​ការសិក្សា​នៅ​ឆ្នាំ១៩៧៦ ដោយ​ទទួលបាន​សញ្ញាបត្រ​ផ្នែក​សេដ្ឋកិច្ច និង​គ្រប់គ្រង​ពី​សាកលវិទ្យាល័យ Hamburg ។ លោក​ធ្លាប់​ធ្វើ​ជា​នាយក​គ្រប់គ្រង និង​សមាជិក​ប្រតិបត្តិ​នៃ​ក្រុមប្រឹក្សាភិបាល​របស់​ Commerzbank International SA Luxembourg និង​ធ្លាប់​ធ្វើ​ជា​អគ្គនាយក Commerzbank AG, សាខា Johannesburg ។ លោក​ទទួល​ខុស​ត្រូវ​លើ​ជំនួញ​សាជីវកម្ម រតនាគារ ជំនួញ​លោហៈ​មាន​តម្លៃ និង​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម ។

 

លោក Ian Samuel Lydall   អភិបាល

គណៈ​កម្មាធិការ​ក្រុមប្រឹក្សា​ភិបាល ៖ គណៈកម្មាធិការ​ផ្តល់​តម្លៃការ និង​ជ្រើសតាំង (ប្រធាន), គណៈកម្មាធិការ​បច្ចេកវិទ្យា​ព័ត៌មាន (ប្រធាន), គណៈកម្មាធិការ​សវនកម្ម និង​សម្រប​សម្រួល​កិច្ចការ​ច្បាប់, គណៈកម្មាធិការ​គ្រប់គ្រង​ហានិភ័យ

ជនជាតិ​អង់គ្លេស កើត​ក្នុង​ឆ្នាំ១៩៥៥ ។ លោក​បាន​ចូលរួម​ក្នុង​ក្រុមប្រឹក្សាភិបាល​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅ​ខែ​សីហា ឆ្នាំ២០១៥ ។ លោក​ធ្លាប់​ធ្វើ​ជា​នាយក​ប្រតិបត្តិ និង​ជា​ប្រធាន​ក្រុមហ៊ុន PwC នៅ​វៀតណាម ។ លោក​បាន​ចូលនិវត្តន៍​ពី​ក្រុមហ៊ុន​នេះ​នៅ​ថ្ងៃ​ទី៣០ ខែមិថុនា ឆ្នាំ២០១៥ ។ លោក​មាន​បំណង​រួម​ចំណែក​ជា​មួយ​ធនាគារ អេស៊ីលីដា ដោយ​ប្រើប្រាស់​បទពិសោធន៍​របស់​លោក​ខាង​ផ្នែក​របាយការណ៍​ហិរញ្ញវត្ថុ អភិបាលកិច្ច​សាជីវកម្ម ការ​គ្រប់គ្រង​ហានិភ័យ យុទ្ធសាស្ត្រ និង​ផ្នែក​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ។ លោក​មាន​បទពិសោធន៍​យ៉ាង​ទូលំទូលាយ និង​ស៊ីជម្រៅ​ទាក់ទង​នឹង​សេវា​ហិរញ្ញវត្ថុ ។

 

លោក Marc Robert   អភិបាល

គណៈ​កម្មាធិការ​ក្រុមប្រឹក្សា​ភិបាល ៖ គណៈកម្មាធិការ​ផ្តល់​តម្លៃការ និង​ជ្រើសតាំង

ជន​ជាតិ​បារាំង កើត​ក្នុង​ឆ្នាំ១៩៧៣ ។ លោក​បាន​ចូល​រួម​ក្នុង​ក្រុម​ប្រឹក្សា​ភិបាល​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅ​ខែ​សីហា ឆ្នាំ២០១៥ ។ លោក​បាន​បញ្ចប់​ការ​សិក្សា​ពី ESSEC និង Science Po Paris ព្រម​ទាំង​ទទួល​បាន​សញ្ញាបត្រ​បណ្ឌិត​ផ្នែក​សេដ្ឋកិច្ច ពី​សាកល​វិទ្យាល័យ California Davis និង​សាកល​វិទ្យាល័យ Toulouse ក្នុង​ឆ្នាំ​២០០៣ ។ លោក​បាន​ចាប់​ផ្តើម​ការងារ​ខាង​ផ្នែក​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង​ក្រោយ​មក​ទៀត​ធ្វើ​ជា​ក្រុម​ប្រឹក្សា​គ្រប់​គ្រង​ធនាគារ​អឺរ៉ុប​មួយ​ចំនួន ។ បច្ចុប្បន្ន​លោក​បម្រើការ​នៅ BRED Banque Populaire ក្នុង​តួនាទី​ជា​សមាជិក​នៃ​ថ្នាក់​គ្រប់​គ្រង​ក្រុម​ប្រឹក្សា​ភិបាល និង​ជា​ប្រធាន​អន្តរជាតិ ដោយ​ទទួល​បន្ទុក​គ្រប់​គ្រង​បុត្រ​សម្ព័ន្ធ​ក្រៅ​ប្រទេស ចំនួន ១២ នៅ​ជុំ​វិញ​ពិភពលោក ។

 

លោក Ryoji Nishimura   អភិបាល

គណៈ​កម្មាធិការ​ក្រុមប្រឹក្សា​ភិបាល ៖ គណៈកម្មាធិការ​ផ្តល់​តម្លៃការ និង​ជ្រើសតាំង

ជនជាតិ​ជប៉ុន កើត​ក្នុង​ឆ្នាំ១៩៧៤ ។ លោក​បាន​ចូល​រួម​ក្នុង​ក្រុម​ប្រឹក្សា​ភិបាល​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅ​ខែមេសា ឆ្នាំ២០១៨ ។

បច្ចុប្បន្ន​លោក​កាន់​តំណែង​ជា​អគ្គនាយក ក្រុម​អភិវឌ្ឍ​ន៍​ពាណិជ្ជកម្ម​និង​វិនិយោគ​សកល នៃ​ទីស្នាក់ការ​កណ្តាល​នៃការ​​វិនិយោគ​និង​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន ORIX Corporation ។ លោក​ក៏​ជា​នាយក និង​សមាជិក IC នៃ​មូលនិធិ United Orient Capital "UOC" និង​ជា​នាយក​នៃ DI Asian Industrial Fund "DIAIF" ដែល​ដើរ​តួជា PE Investment Fund ប្រចាំ​ប្រទេស​សឹង្ហបុរី និង​វៀតណាម ហើយ​បានចូល​រួមក្នុងគម្រោង​ការ​គ្រប់គ្រង​វិនិយោគ​នៃ​ទ្វីប​អឺរ៉ុប អាហ្វ្រិក និង​អាស៊ី​អាគ្នេយ៍ ។ លោក​ក៏​ជា​សមាជិក​ក្រុម​ប្រឹក្សាភិបាល​របស់ TenGer Financial Group ដែល​ជា​ក្រុម​សេវា​ហិរញ្ញវត្ថុ​ម៉ុងហ្គោលី បម្រើ​សេវា​ធនាគារ និង​ហិរញ្ញវត្ថុ​យ៉ាង​ទូលំ​ទូលាយ ផង​ដែរ ។

លោក​បាន​ទទួល​បរិញ្ញាបត្រ​គ្រប់គ្រង​ពាណិជ្ជកម្ម ពី​សាកល​វិទ្យាល័យ Ritsumeikan ក្នុង​ខែមេសា ឆ្នាំ១៩៩៦ និង​បាន​ចាប់​ផ្តើម​បម្រើ​ការ​ងារ​ឱ្យ Nagoya Branch ។ ចាប់​ពី​ឆ្នាំ២០០៥ ដល់ ២០០៨ លោក​ធ្វើ​ជា​អ្នក​ដឹក​នាំ​គម្រោង​បង្កើត​ក្រុមហ៊ុន​ធានា​រ៉ាប់​រង​នៅ​ក្រៅ​ប្រទេស និង​បាន​ធ្វើ​កិច្ច​ចរចារ​ជា​លាយ​លក្ខណ៍​អក្សរ និង​ដោយ​ផ្ទាល់​ជា​មួយ​រដ្ឋាភិបាល​មូល​ដ្ឋាន​របស់​ប្រទេស​អៀរឡង់ និង​ការិយាល័យ​ច្បាប់ ។ ចាប់​ពី​ឆ្នាំ​២០០៩ ដល់ ២០០១៤ លោក​បាន​បម្រើការ​ជា​មួយ ORIX Taiwan Corporation ក្នុង​ប្រទេស​តៃវ៉ាន់ ដោយ​បាន​ចូល​រួម​ក្នុង​អាជីវកម្ម​វិនិយោគ NPL ។

 

លោក Kenichiro Mori   អភិបាល

គណៈ​កម្មាធិការ​ក្រុមប្រឹក្សា​ភិបាល ៖ គណៈកម្មាធិការ​គ្រប់គ្រង​ហានិភ័យ

ជន​ជាតិ​ជប៉ុន កើត​ក្នុង​ឆ្នាំ១៩៧៣ ។ លោក​បាន​ចូល​រួម​ក្នុង​ក្រុម​ប្រឹក្សាភិបាល​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅ​ខែតុលា ឆ្នាំ២០១៩ ។ លោក​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ពី​សាកល​វិទ្យាល័យ​តូក្យូ ជំនាញ​វិស្វករ នៅ​ក្នុង​ខែមេសា ឆ្នាំ១៩៩៦ ។ លោក​បាន​ចាប់​ផ្តើម​ការងារ​ជា​មួយ​ធនាគារ Sumitomo (បច្ចុប្បន្ន Sumitomo Mitsui Banking Corporation (SMBC)) ជា​ភ្នាក់ងារ​ទីផ្សារ​បម្រើការ​នៅ​សាខា Ikebukuro ក្នុង​ទីក្រុង​តូក្យូ និង​បន្ត​មក​ទៀត​បាន​កាន់​តំណែង​ជា​ច្រើន​ជា​មួយ​ធនាគារ Sumitomo ក្នុង​គណៈកម្មាធិកា​គ្រប់គ្រង​សមតុល្យ​ឥណទាន និង​ផែនការ​ក្រុមហ៊ុន ។ ក្នុង​ខែធ្នូ ឆ្នាំ២០១៩ លោក Mori ត្រូវ​បាន​តែង​តាំង​ជា​មន្ត្រី​ពិសេស​ទទួល​បន្ទុក​រាយការណ៍​ជូន​ប្រធាន​សមាគម​ធនាគារ​ជប៉ុន ដែល​គាត់​អាច​ទទួល​បាន​បទពិសោធន៍​នៅ​ក្នុង​វិស័យ​ធនាគារ​ជប៉ុន តាម​ស្តង់ដារ​អន្តរជាតិ និង​ការអនុវត្ត​យ៉ាង​ល្អ​ឥត​ខ្ចោះ ។ នៅ​ក្នុង​ខែមេសា ឆ្នាំ២០១៤ លោក Mori ត្រូវ​បាន​តែង​តាំង​ជា​នាយក​ប្រតិបត្តិ​ផែនការ និង​គ្រប់គ្រង​ផ្នែក​ប្រតិបត្តិការ​ធនាគារ​អន្តរជាតិ ។ ក្នុង​ខែមេសា ឆ្នាំ២០១៦ លោក​ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​ក្រុម​ផែន​ការ​យុទ្ធសាស្ត្រ ។ បច្ចុប្បន្ន​លោក​កាន់​តំណែង​ជា អ្នក​គ្រប់គ្រង​ទូទៅ​រួម​នៃ​ការិយាល័យ​ផែនការ ក្នុង​នាយកដ្ឋាន​ប្រចាំ​អាស៊ី​បាស៊ីហ្វិក របស់ SMBC ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៣៦១.៥៥៧ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ១.២៥៥    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៣៥.៩៩៩    ចំនួនអ្នកទស្សនាពីម្សិល : ៩៣.៦១៤