www.acledabank.com.kh

homenavigate_nextព័ត៌មាន​អំពី​ធនាគារnavigate_nextហេតុការណ៍ និង​តួលេខnavigate_nextប្រវត្តិ​ធនាគារ

ប្រវត្តិ​ធនាគារ

ការិយាល័យ​កណ្តាល ធនាគារ អេស៊ីលីដា ភីអិលស៊ី

ដោយមាន​ការ​ជួយ​គាំទ្រ​ពី​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) និង កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហ​ប្រជាជាតិ (UNDP) អេស៊ីលីដា ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ខែ​មករា ឆ្នាំ​១៩៩៣ ក្នុង​នាម​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ មាន​ទិសដៅ​អភិវឌ្ឍន៍​មុខ​របរ​ខ្នាត​តូច​បំផុត និង​ខ្នាត​តូច តាម​រយៈ​ការ​ផ្តល់​ឥណទាន​ដោយស្ថាបនិក​មួយ​ក្រុម​ដូច​ខាងក្រោម ។ តាំង​ពី​ពេល​ចាប់​ផ្តើម​ដំបូង អេស៊ីលីដា​បាន​ទទួល​ការ​គាំទ្រ​ពី​ភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​សំខាន់ៗ​ជា​ច្រើន ដូច​មាន​នៅ​ក្នុង​តារាង​កិត្តិយស​ដែល​យើង​ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ ។ ការ​ពង្រីក​បណ្ដាញ​ប្រតិបត្តិការ​គ្រប​ដណ្ដប់​គ្រប់​ខេត្ត-​រាជធានី ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​សមត្ថភាព​របស់​ធនាគារ ក្នុង​ការ​រក​ប្រាក់​ចំណេញ​ដែល​ធានា​នូវ​និរន្តរភាព គឺ​ជា​កត្តា​ធំ​ពីរ ដែល​ធ្វើឱ្យ​ក្រុម​ប្រឹក្សាភិបាល និង​ដៃ​គូ​អន្តរជាតិ​របស់​ខ្លួន​សម្រេច​ថា ធនាគារ អេស៊ីលីដា គួរ​ធ្វើ​ការ​កម្លាយ​ខ្លួន​ទៅ​ជា​ធនាគារ​ពាណិជ្ជ ។ ធ្វើ​បែប​នេះ មិន​ត្រឹម​តែ​ជួយ​ពង្រឹង​ស្ថិរភាព​រចនាសម្ព័ន្ធ​ផ្នែក​ច្បាប់ សម្រាប់​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ពី​មុន​មក​នោះ​ទេ វា​ថែម​ទាំង​ផ្តល់ឱ្យ​ធនាគារ​នូវ​ជម្រើស​កាន់​តែ​ច្រើន​ក្នុង​ការ​រក​ទុន​បន្ថែម (ដូចជា​ការ​បន្ថែម​ដើម​ទុន ការ​ទទួល​ប្រាក់​បញ្ញើ​សាធារណៈ ឬ​ការ​ទទួល​ប្រាក់​កម្ចី​ពាណិជ្ជកម្ម រវាង​ធនាគារ​ដូចគ្នា) សម្រាប់​គាំទ្រ​ដល់​ការ​ពង្រីក ការ​ផ្តល់​សេវា​មីក្រូ​ហិរញ្ញវត្ថុ ដែល​ជា​អាជីវកម្ម​ស្នូល​របស់​ខ្លួន ។ ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ស្ថាប័ន​មួយ​ចំនួន​ដូចជា ភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​នៃ​សហរដ្ឋអាមេរិក (USAID) កម្មវិធី​អភិវឌ្ឍន៍​វិស័យ​ឯកជន​តំបន់​ទន្លេ​មេគង្គ (MPDF/IFC) និង​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ (UNDP) ធ្វើឱ្យ​កម្មវិធី​កម្លាយ​ខ្លួន​រយៈពេល​បី​ឆ្នាំ​មួយ ត្រូវ​បាន​លើក​ឡើង​នៅ​ឆ្នាំ​១៩៩៨ ហើយ​សម្រេច​ជោគជ័យ ដោយ​ទទួល​បាន​អាជ្ញាប័ណ្ណ​ជា​ធនាគារ​ឯកទេស នៅ​ក្នុង​ខែ​តុលា ឆ្នាំ​២០០០ ។

នៅ​ក្នុង​ដំណើរការ​កម្លាយ​ខ្លួន​នេះ អង្គការ​ក្រៅ​រដ្ឋាភិបាល​អេស៊ីលីដា​ដើម បាន​បង្វែរ​ទ្រព្យ​សកម្ម និង​បំណុល​ក្នុង​ដៃ​អតិថិជន (ប្រាក់​កម្ចី​រយៈ​ពេល​វែង ដែល​ទទួល​បាន​ពី​ម្ចាស់​ជំនួយ) ទៅ​កាន់​ធនាគារ អេស៊ីលីដា ដែល​ទើប​បង្កើត​ថ្មី ដោយ​ប្តូរ​ត្រឡប់​ទៅ​វិញ​ជា​ភាគហ៊ុន ៤៤,៩១% របស់​ធនាគារ​ស្មើ​នឹង ៤ លាន​ដុល្លារ​អាមេរិក សមាគម​បុគ្គលិក​អេស៊ីលីដា (ក្រុមហ៊ុន អេ អេស អេ អ៊ីន្ស) ដែល​បាន​បង្កើត​ឡើង​ដោយ​មូលនិធិ​របស់​បុគ្គលិក បាន​ទិញ​ភាគហ៊ុន​ចំនួន ៦,០៩% ហើយ​ចំណែក​ដែល​នៅ​សល់ ៤៩% ទៀត​ត្រូវ​បាន​បែង​ចែក​ទៅឱ្យ​ភាគទុនិក​បរទេស​ចំនួន​បួន​គឺ សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (សាខា​របស់​ធនាគារ​ពិភពលោក), DEG (ប្រទេស​អាល្លឺម៉ង់), FMO និង ធនាគារ​ទ្រីយ៉ូដូស (ប្រទេស​ហុល្លង់ដ៍) ។ នា​ពេល​អនាគត ធនាគារ អេស៊ីលីដា អាច​នឹង​មាន​វត្តមាន​នៅ​ក្នុង​ទី​ផ្សារ​ភាគហ៊ុន ក្នុង​ពេល​សមស្រប​ណា​មួយ ។

បន្ទាប់​ពី​បង្កើន​ដើម​ទុន​របស់​ខ្លួន​មួយ​ទ្វេរ​ជា​បី ឡើង​ដល់ ១៣​លាន​ដុល្លារ​អាមេរិក ធនាគារ​អេស៊ីលីដា បាន​ទទួល​អាជ្ញាប័ណ្ណ​ជា​ធនាគារ​ពាណិជ្ជ នៅ​ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០០៣ ហើយ​ត្រូវ​ប្តូរ​ឈ្មោះ​មក​ជា "ធនាគារ អេស៊ីលីដា ភីអិលស៊ី" ។ សូម​ចុច​ទីនេះ សម្រាប់​ប្រវត្តិ​នៃ​ការ​បង្កើន​ដើមទុន និង​ភាគទុនិក របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។

នា​ដំណាច់​ឆ្នាំ​២០១៩ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ទ្រព្យ​សកម្ម​សរុប ៦.១៧៥ លាន​ដុល្លារ​អាមេរិក ព្រមទាំង​កាន់​កាប់​ទីផ្សារ​បាន​ប្រមាណ ១៤,៣% នៃ​ទីហំ​ទ្រព្យ​សកម្ម​សរុប, ១៤,៨% (សមតុល្យ​ឥណទាន) និង ៤៥,៨% (ចំនួន​អតិថិជន) នៃ​ទំហំ​ទីផ្សារ​ឥណទាន​សរុប, និង ១៦,៥% (សមតុល្យ​ប្រាក់​បញ្ញើ) និង ៤៨,២% (ចំនួន​គណនី) នៃ​ទំហំ​ទីផ្សារ​ប្រាក់​បញ្ញើ​សរុប នៅ​ក្នុង​វិស័យ​ធនាគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា (មិន​រាប់​បញ្ចូល​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល) ។ បច្ចុប្បន្ន ធនាគារ​អេស៊ីលីដា មាន​សមតុល្យ​ឥណទាន​សរុប​ប្រមាណ ៤៣១៥,២៩​លាន​ដុល្លារ​អាមេរិក នៅ​លើ​ដៃ​អតិថិជន​ជាង ៤១៧.៦៦៨​នាក់ ដែល​ក្នុង​នោះ​មាន ៥៥% ជា​ស្ត្រី ។ ធនាគារ​មាន​បុគ្គលិក​សរុប ១២.១៦៦នាក់ កំពុង​បម្រើ​ការងារ​នៅ​ក្នុង ២៦២​សាខា ដែល​គ្របដណ្តប់​គ្រប់​ខេត្ត-​រាជធានី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ក្រៅ​ពី​សេវា​ឥណទាន និង​សេវា​បញ្ញើ-សន្សំ ធនាគារ អេស៊ីលីដា មាន​បម្រើ​ជូន​នូវ​សេវា​ផ្ទេរ​ប្រាក់​ក្នុង និង​ក្រៅ​ប្រទេស​តាម​រយៈ Western Union និង SWIFT (សង្គម​ជុំវិញ​ពិភពលោក​សម្រាប់​ទូរគមនាគមន៍​ហិរញ្ញវត្ថុ​អន្តរជាតិ) ។ យើង​ខ្ញុំ​មាន សេវាប័ណ្ណសេវា​ឌីជីថល សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម និង សេវា​ចាត់ចែង​សាច់​ប្រាក់ និង​សេវា​ធនាគារ​ដទៃ​ជា​ច្រើន​ទៀត ។

ការិយាល័យកណ្ដាល របស់​ធនាគារ អេស៊ីលីដា មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​រាជធានី​ភ្នំពេញ ជាមួយ​នឹង​បណ្ដាញ​ប្រតិបត្តិការ​គ្រប​ដណ្ដប់ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ។

ប្រវត្តិ​នៃ​ការ​ពង្រីក​បណ្ដាញ​សាខា​របស់​ធនាគារ អេស៊ីលីដា
ព្រះរាជាណាចក្រ​កម្ពុជា
១៩៩៣ ភ្នំពេញ កណ្តាល បន្ទាយមានជ័យ សៀមរាប បាត់ដំបង កំពង់ចាម
១៩៩៤ តាកែវ កំពត កែប
១៩៩៥ ក្រុងព្រះសីហនុ
១៩៩៦ ពោធិ៍សាត់
១៩៩៧ កំពង់ស្ពឺ កំពង់ធំ
២០០០ កំពង់ឆ្នាំង ស្វាយរៀង
២០០១ ព្រៃវែង
២០០៣ កោះកុង
២០០៤ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ
២០០៥ ស្ទឹងត្រែង
២០០៦ រតនគិរី មណ្ឌលគិរី
សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ
២០០៨ រដ្ឋធានីវៀងច័ន្ទ សាក់វណ្ណខេត ចំប៉ាសាក់
២០០៩ សាឡាវ៉ាន់
២០១០ ខាំមួន
២០១១ វៀងច័ន្ទ
២០១២ បលីខាំសៃ សេកង លួងផាក់បាង អាត់តាពើ
២០១៣ បកែវ សៃញាក់ប៊ូលី សៀងឃ្វ័ង អ៊ុឌុមសៃ លួងណាំថា
សាធារណរដ្ឋ​សហភាព​មីយ៉ាន់ម៉ា
២០១៣ ភូមិភាគយ៉ាំងកូង ភូមិភាគបាកូ

តារាង​ខាង​លើ​បង្ហាញ​អំពី​ប្រវត្តិ​នៃ​ការ​ពង្រីក​បណ្ដាញ​ប្រតិបត្តិការ​របស់​ធនាគារ អេស៊ីលីដា កន្លង​មក ដើម្បី​ពង្រីក​ការ​បម្រើ​សេវា​ធនាគារ​ជូន​ចំពោះ​អតិថិជន​គ្រប់​ទី​កន្លែង​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ។

បញ្ជី​រាយ​នាម​ស្ថាបនិក 

ថ្នាក់​ដឹកនាំ និង​បុគ្គលិក​ស្ថាបនិក​អេស៊ីលីដា ដែល​មាន​រាយ​នាម​តាម​លំដាប់​អក្ខរក្រម​ដូច​ខាងក្រោម បាន​ជួប​ប្រជុំ​គ្នា នៅ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្នុង​ស្រុក ( LEDA ភ្នំពេញ) ខណ្ឌ​ឫស្សីកែវ នៅ​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​១៩៩៣ និង​បាន​ប្រារព្ធ​មហា​សន្និបាត​ដំបូង​របស់​អេស៊ីលីដា រួច​បាន​បោះឆ្នោត​បង្កើត សមាគម​ទីភ្នាក់ងារ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា (អេស៊ីលីដា) នៅ​ក្នុង​ថ្ងៃ​ដដែល​នោះ ។

តារាង​កិត្តិយស 

យើង​ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ ដល់​អង្គការ​ទាំង​ឡាយ​ដែល​បាន​ផ្តល់​ការ​គាំទ្រ​យ៉ាង​សំខាន់​ក្នុង​ការ​កសាង​មូលដ្ឋាន​គ្រឹះ ដែល​ធនាគារ អេស៊ីលីដា ភីអិលស៊ី ឈរ​បាន​ដល់​សព្វ​ថ្ងៃ​នេះ (រៀប​តាម​លំដាប់​អក្សរ​ឡាតាំង) ។

ការិយាល័យ​កណ្តាល​អេស៊ីលីដា ចាប់​ពី​ពេល​បង្កើត​រហូត​ដល់​បច្ចុប្បន្ន

ការិយាល័យ​កណ្តាល ធនាគារ អេស៊ីលីដា ភីអិលស៊ី
១១ ធ្នូ ២០១៥ - បច្ចុប្បន្ន
អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ

ការិយាល័យ​កណ្តាល ធនាគារ អេស៊ីលីដា ភីអិលស៊ី
០៩ មេសា ២០០៧ - ១០ ធ្នូ ២០១៥
អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ

ការិយាល័យ​កណ្តាល ធនាគារ អេស៊ីលីដា ភីអិលស៊ី
១៩៩៩ - ០៨ មេសា ២០០៧
អគារលេខ២៨ មហាវិថីម៉ៅសេទុង សង្កាត់បឹងត្របែក ខណ្ឌចំការមន ភ្នំពេញ

ការិយាល័យ​កណ្តាល សមាគម​ទីភ្នាក់ងារ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​អេស៊ីលីដា
១៩៩៤ - ៣០ សីហា ១៩៩៩
ផ្ទះលេខ២៣២ ផ្លូវលេខ១៦៣ សង្កាត់ទួលទំពូង១ ខណ្ឌ​ចំការមន ភ្នំពេញ

ការិយាល័យ​កណ្តាល សមាគម​ទីភ្នាក់ងារ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា អេស៊ីលីដា
១៩៩៣ - ១៩៩៤
ផ្ទះលេខ១៨៦ ផ្លូវលេខ១២២ សង្កាត់ទឹកល្អក់១ ខណ្ឌ​ទួលគោក ភ្នំពេញ

ការិយាល័យ​កណ្តាល សមាគម​ទីភ្នាក់ងារ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា អេស៊ីលីដា
១៩៩២ - ១៩៩៣
ខណ្ឌ​ឫស្សីកែវ ភ្នំពេញ

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

ផែនទីទំព័រ ទម្រង់ស្នើសុំ របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់
អ្នកកំពុងទស្សនា : ១៩៦ ©២០២១ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ