តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី
expand_less

 »  ព័ត៌មាន​អំពី​ធនាគារ  »  ហេតុការណ៍ និង​តួលេខ  »  គណៈកម្មាធិការ​ប្រតិបត្តិ

គណៈកម្មាធិការ​ប្រតិបត្តិ

បណ្ឌិត អ៊ិន ចាន់នី
ប្រធាន​នាយក​ប្រតិបត្តិ

ជន​ជាតិ​ខ្មែរ កើត​ក្នុង​ខែ​មិថុនា ឆ្នាំ១៩៦០ ។ បណ្ឌិត អ៊ិន ចាន់នី ជា​ប្រធាន​នាយក​ប្រតិបត្តិ របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ចាប់​តាំង​ពីធនាគារ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០០០ ។ លោកបណិ្ឌត​បានចូលរួម​ក្នុង​ក្រុមប្រឹក្សាភិបាល​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ​នៅ​ខែកញ្ញា ឆ្នាំ​២០១៤ ។ បណ្ឌិត អ៊ិន ចាន់នី ជា​សហស្ថាបនិក​របស់​សមាគម​ទីភ្នាក់ងារ​អភិវឌ្ឍ​ន៍​សេដ្ឋកិច្ច​កម្ពុជា (​អេស៊ីលីដា) តាំង​ពីខែ​មករា ឆ្នាំ១៩៩៣ ។ ក្នុង​តួនាទីជាប្រធាន​នាយក​ប្រតិបត្តិ លោក​បណ្ឌិត​ជា​អ្នកដឹក​នាំគណៈកម្មាធិការ​ប្រតិបត្តិ ទទួល​ខុស​ត្រូវ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​រួម និង​ដំណើរ​ការងារ​អាជីវកម្មប្រចាំថ្ងៃ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​បុត្រ​សម្ព័ន្ធ ព្រម​ទាំង​ប្រតិបត្តិផែនការ​អាជីវកម្ម ។ លោកបណ្ឌិត​ទទួល​ខុស​ត្រូវ​ផ្ទាល់​ចំពោះ​ក្រុម​ប្រឹក្សា​ភិបាល ។

ទំនួល​ខុស​ត្រូវ​ផ្សេងទៀត​របស់​លោក​បណ្ឌិត រួម​មាន ជាប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ អេស៊ីលីដា ឡាវ និង​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំង​ជា​តំណាង​ភាគទុនិក​របស់​ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ី​លីដា, និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ។ លោក​បណ្ឌិត​ក៏​ជា​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​របស់​អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ ។

លោក​បណ្ឌិត​ជា​អ្នក​តំណាង​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល​ជា​សមាជិក​របស់​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក ។

នៅ​ក្នុង​ឆ្នាំ១៩៩៨ លោក​បាន​បញ្ចប់​វគ្គ​គ្រប់​គ្រង​ស្តីពី​ស្ថាប័ន​ហិរញ្ញវត្ថុ​សម្រាប់​អភិវឌ្ឍន៍​សហគ្រាស​ឯកជន (FIPED) ពី​សាកល​វិទ្យាល័យ Harvard សហរដ្ឋ​អាមេរិក ។ លោក​បាន​បញ្ចប់ការសិក្សា​ថ្នាក់បណ្ឌិត ផ្នែក​គ្រប់គ្រង​អាជីវកម្ម និង​បាន​បញ្ចប់​ការសិក្សា​​ពី​វិទ្យាស្ថាន​អូស្ត្រាលី​​សម្រាប់​អភិបាល​ក្រុមហ៊ុន (GAICD) ។

 

បណ្ឌិត សូ ផនណារី
អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈប្រធាន​នាយិកា​ប្រតិបត្តិ​ប្រតិបត្តិការ

ជន​ជាតិខ្មែរ កើត​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ១៩៦៣ ។ លោក​ស្រី​បណ្ឌិត​បាន​ចូល​បម្រើការ​នៅ​អេស៊ីលីដា ចាប់តាំងពីថ្ងៃ​ទី១៨ ខែ​សីហា ឆ្នាំ១៩៩៣ ។

ក្នុង​មុខ​តំណែង​ជា​ អនុប្រ​ធាន​នា​យក​ប្រតិបត្តិ និង​ជា​គណៈ​ប្រធាន​នាយិកា​ប្រតិបត្តិ​ប្រតិបត្តិការ លោក​ស្រី​បណ្ឌិត​ក៏​ជា​សមាជិកា​គណៈកម្មាធិការ​ប្រតិបត្តិ ទទួល​បន្ទុក​ដឹកនាំ​លើ​ប្រតិបត្តិការ​របស់​ធនាគារ និង​គ្រប់គ្រង​នាយកដ្ឋាន​ប្រតិបត្តិការ, នាយកដ្ឋាន​ទីផ្សារ, នាយក​ដ្ឋាន​អភិវឌ្ឍន៍​ផលិតផល, នាយក​ដ្ឋាន​សេវា​ឥណទាន និង​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម, និង​នាយកដ្ឋាន​សេវា​ហិរញ្ញវត្ថុ ។ លោក​ស្រីបណ្ឌិត​ទទួល​បន្ទុក​គ្រប់គ្រង​ផែនការ​យុទ្ធសាស្ត្រ និង​ប្រតិបត្តិការ​អាជីវកម្មប្រចាំថ្ងៃ​របស់ធនាគារ ដោយ​អភិវឌ្ឍន៍ និង​ស្រាវ​ជ្រាវ​សេវា​ថ្មីៗ​របស់​ធនាគារ ព្រម​ទាំង​ធ្វើ​ផែនការ​និង​​អនុវត្ត​កំណើន​នៃ​ការ​លក់ ។ លោក​​ស្រី​បណ្ឌិត​ទទួល​ខុស​ត្រូវ​ទៅ​លើ​ការ​ដឹក​នាំ ត្រួត​ពិនិត្យ និង​វាយ​​តម្លៃ​លើ​ប្រតិបត្តិការ​អាជីវកម្ម​ប្រចាំ​ថ្ងៃ​របស់​ធនាគារ ។

លោក​ស្រី​បណ្ឌិត​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់​គ្រង​ផលប័ត្រ សមាជិកា​គណៈកម្មាធិការ​គ្រប់​គ្រង​ទ្រព្យសកម្ម និងអកម្ម គណៈ​កម្មាធិការ​កំណត់​ថ្លៃ​​ផលិត​ផល និង​សេវា​កម្ម និង​គណៈ​កម្មាធិការ​ឥណទាន​នៃ​ថ្នាក់​គ្រប់​គ្រង ។

លោក​ស្រីបណ្ឌិតទទួល​ខុស​ត្រូវ​ចំពោះ​ប្រធាន​នាយក​ប្រតិបត្តិ ។

លោកស្រីបាន​បញ្ចប់ថ្នាក់​បណ្ឌិត ផ្នែក​គ្រប់គ្រង​ធុរកិច្ច និង​បាន​បញ្ចប់​ការសិក្សា​​ពី​វិទ្យាស្ថាន​អូស្ត្រាលី​​សម្រាប់​អភិបាល​ក្រុមហ៊ុន (GAICD) ។

 

លោកស្រី ម៉ារ អមរា
អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈប្រធាន​នាយិកា​ប្រតិបត្តិ​ហិរញ្ញវត្ថុ

ជនជាតិ​ខ្មែរ កើត​ក្នុង​ខែ​កញ្ញា ឆ្នាំ១៩៦៧ និង​បាន​បម្រើការ​នៅ​អេស៊ីលីដា ចាប់​តាំង​ពី​ខែមិថុនា ឆ្នាំ១៩៩៣ ។ ក្នុង​មុខ​តំណែង​ជា​អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈ​ប្រធាន​នាយិកា​ប្រតិបត្តិ​ហិរញ្ញវត្ថុ លោក​ស្រី​ក៏​ជា​សមាជិកា​គណៈកម្មាធិការ​ប្រតិបត្តិ ទទួល​បន្ទុក​គ្រប់គ្រង​ផែនការ​យុទ្ធសាស្ត្រ និង​ប្រតិបត្តិការ​អាជីវកម្ម​ប្រចាំ​ថ្ងៃ​របស់​ធនាគារ ព្រមទាំង​ប្រតិបត្តិ​ផែនការ​អាជីវកម្ម ។ លោកស្រី​ជា​ប្រធាន​គណៈកម្មាធិការ Implementation & Conversion of IFRS (International Financial Reporting Standards), ជាប្រធាន​គណៈកម្មាធិការ​ស្វ័យប្រវត្តិកម្ម និង​ការធ្វើទំនើបកម្ម, ជាសមាជិកា​គណៈកម្មាធិការ​កំណត់ថៃ្ល​លើ​ផលិតផល និង​សេវាកម្ម, និង​គណៈកម្មាធិការ​ឥណទាន​នៃ​ថ្នាក់គ្រប់គ្រង ។ លោកស្រី​ក៏ជា​អ្នកដឹកនាំ​ការងារ Basel Team ផងដែរ ។ លោកស្រី​គ្រប់គ្រងលើ​នាយកដ្ឋាន​ហិរញ្ញវត្ថុ, ការិយាល័យ​រៀបចំ និង​ត្រួត​ពិនិត្យ​ផែនការ​ថវិកា, ការិយាល័យ​គណនេយ្យ​គ្រប់គ្រង, និង​ការិយាល័យ​គ្រប់គ្រង​ការ​អនុវត្ត​ហិរញ្ញវត្ថុ ។ លោកស្រី​ទទួលខុសត្រូវ​ផ្ទាល់ចំពោះ​ប្រធាននាយកប្រតិបត្តិ ។

ទំនួលខុសត្រូវ​ផ្សេងទៀត​របស់​លោកស្រី​រួមមាន ៖ ជាប្រធាន​ក្រុមប្រឹក្សាភិបាល អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី និង​ជា​អនុ​ប្រធាន​នៃ​អេស៊ីលីដា ហ្វាយណាន់ហ្សល ត្រាស់ ។

លោកស្រី​បាន​បញ្ចប់​វគ្គសិក្សា​ស្តីពី​អភិបាល​ក្រុម​ហ៊ុន ពីវិទ្យាស្ថាន​អូស្ត្រាលី​សម្រាប់អភិបាល​ក្រុម​ហ៊ុន (GAICD) ក្នុង​ឆ្នាំ​២០១៨ និង​បានទទួលបរិញ្ញាបត្រ​ជាន់ខ្ពស់ ផ្នែក​គ្រប់គ្រង​អាជីវកម្ម ជំនាញហិរញ្ញវត្ថុ​នៅ​សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង​ក្នុង​រាជធានីភ្នំពេញ ក្នុង​ឆ្នាំ​២០០៦ និង​បានបញ្ចប់បរិញ្ញាបត្រ​​ពាណិជ្ជសាស្ត្រ ជំនាញ​គ្រប់គ្រង ក្នុង​ឆ្នាំ​២០០៣ ។ ក្រៅ​ពីនោះ​នៅមាន​វគ្គសិក្សា​ជាច្រើន ដូចជា គណនេយ្យ​គ្រប់​គ្រង គណនេយ្យ​ហិរញ្ញវត្ថុ និង​សវនកម្ម ជាដើម នៅ​សាកលវិទ្យាល័យ Regent ពីឆ្នាំ​១៩៩៦ ដល់ឆ្នាំ​១៩៩៨ នៅក្នុង​រាជធានី​ភ្នំពេញ ។

 

លោក រ័ត្ន យូម៉េង
អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈប្រធាន​នាយក​ប្រតិបត្តិ​រតនាភិបាល

ជនជាតិ​ខ្មែរ កើត​ក្នុង​ឆ្នាំ១៩៦២ ។ លោក រ័ត្ន យូម៉េង បាន​បម្រើការ​ឱ្យ​អេស៊ីលីដា ចាប់​ពីខែមករា ឆ្នាំ១៩៩៩ ។ ចាប់​ពី​ខែមករា ឆ្នាំ១៩៩៩ ដល់​ខែសីហា ឆ្នាំ២០០៨ លោក​បាន​កាន់​តំណែង​ជា​ច្រើន​ដូចជា ៖ ប្រធាន​គណនេយ្យករ និង​អនុប្រធាន​ហិរញ្ញវត្ថុ (ខែមករា ឆ្នាំ១៩៩៩ ដល់​ខែឧសភា ឆ្នាំ២០០៧), នាយក​នាយកដ្ឋាន​ហិរញ្ញវត្ថុ (ខែមិថុនា ឆ្នាំ២០០៧ ដល់​ខែសីហា ឆ្នាំ២០០៨) និង​ជា​នាយក​ប្រតិបត្តិ​រតនាភិបាល (ខែកញ្ញា ឆ្នាំ២០០៨ ដល់​ខែឧសភា ឆ្នាំ២០១៥) និង​ជា អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈ​ប្រធាន​នាយក​ប្រតិបត្តិ​រតនាភិបាល (ខែ​មិថុនា ឆ្នាំ២០១៥ ដល់​បច្ចុប្បន្ន) ។

លោក​ទទួល​ខុស​ត្រូវ​ដឹកនាំ​ក្រុម​គ្រប់គ្រង និង​ត្រួត​ពិនិត្យ​រតនាភិបាល ដូចជា ៖ នាយកដ្ឋាន​ប្រតិបត្តិការ​ហិរញ្ញវត្ថុ ការិយាល័យ​រតនា​ភិបាល ការិយាល័យ​ប្រាក់តម្កល់ និង​អត្រា​ប្តូរ​រូបិយប័ណ្ណ និង​ការិយាល័យ​រតន​ពាណិជ្ជកម្ម ។ លោក​ក៏​ជា​អ្នក​គាំទ្រ​ផ្នែក​បច្ចេកទេស​ដល់​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ទាក់ទង​នឹង​ការ​គ្រប់​គ្រង​មូលនិធិ ។

បន្ថែម​ពី​នេះ​ទៀត លោក​ក៏​កាន់​មុខ​តំណែង​ជា​ប្រធាន និង​សមាជិក​របស់​គណៈកម្មាធិការ​ជា​ច្រើន​នៅ​ក្នុង​ធនាគារ អេស៊ីលីដា ដូចជា ៖ គណៈកម្មាធិការ​គ្រប់​គ្រង​ទ្រព្យ​សកម្ម និង​អកម្ម, គណៈកម្មាធិការ​កំណត់​ថ្លៃ​លើ​ផលិតផល និង​សេវាកម្ម, គណៈកម្មាធិការ​ធានា​រ៉ាប់រង​មូលបត្រ, និង​គណៈកម្មាធិការ​ឥណទាន ។

ចាប់​ពី​ឆ្នាំ២០០១ រហូត​ដល់​ខែកញ្ញា ឆ្នាំ២០១៤ លោក​ក៏ជា​អ្នក​តំណាង​ភាគទុនិក​របស់​ក្រុមហ៊ុន អេ អេស អេ ដែល​ជា​ភាគទុនិក​ក្នុង​ស្រុកមួយ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។ នៅខែសីហា ឆ្នាំ២០១៤ លោក​បាន​ក្លាយ​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។

លោក​បាន​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​ផ្នែក​ធនាគារ និង​ហិរញ្ញវត្ថុ ពី​សាកលវិទ្យាល័យ វេស្ទើន នៅ​ទីក្រុង​ភ្នំពេញ ។ ចាប់​ពី​ឆ្នាំ១៩៩២ រហូត​មក​ដល់​ខែមីនា ឆ្នាំ១៩៩៦ និង​បាន​បញ្ចប់​ការសិក្សា​​ពី​វិទ្យាស្ថាន​អូស្ត្រាលី​​សម្រាប់​អភិបាល​ក្រុមហ៊ុន (GAICD) ។

 

លោក​ លី​ ថៃ​
អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈប្រធាន​នាយក​ប្រតិបត្តិ​អភិបាលកិច្ច

ជន​ជាតិ​ខ្មែរ កើត​ក្នុង​ខែតុលា ឆ្នាំ១៩៧៥ និង​បាន​បម្រើការ​នៅ​អេស៊ីលីដា ចាប់​តាំង​ពី​ខែធ្នូ ឆ្នាំ១៩៩៧ ។ លោក​បាន​ចូល​បម្រើការ​ជា​មួយ​អេស៊ីលីដា​ក្នុង​តួនាទី​ជា ៖ គណនេយ្យករ (១៩៩៧-១៩៩៩), សវនករ​ផ្ទៃ​ក្នុង (១៩៩៩-២០០០), បេឡាធិការ, នាយក​សាខា នាយក​ការិយាល័យ​ប្រតិបត្តិការ (២០០០-២០០៤), នាយកនាយកដ្ឋាន​ប្រតិបត្តិការ (២០០៤-២០០៦), និង​នាយក​ប្រតិបត្តិ​ប្រតិបត្តិការ (២០០៦-២០១៦) ។

ក្នុង​មុខ​តំណែង​ជា​អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈ​ប្រធាន​នាយក​ប្រតិបត្តិ​អភិបាលកិច្ច លោក​ក៏​ជា​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ ទទួល​បន្ទុក​គ្រប់គ្រង​ផែនការ​យុទ្ធសាស្ត្រ និង​ប្រតិបត្តិការ​អាជីវកម្ម​ប្រចាំ​ថ្ងៃ​របស់​ធនាគារ ។ លោក​ទទួល​បន្ទុក​គ្រប់​គ្រង​នាយកដ្ឋាន​ធនធាន​មនុស្ស, នាយកដ្ឋាន​រដ្ឋបាល, និង​ការិយាល័យ​គ្រប់គ្រង​ប្រព័ន្ធ SWIFT ។ លោក​ទទួល​ខុស​ត្រូវ​ដោយ​ផ្ទាល់​ចំពោះ​ប្រធាន​នាយក​ប្រតិបត្តិ ។

ទំនួល​ខុស​ត្រូវ​ផ្សេង​ទៀត​របស់លោក ជា​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​របស់​វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ។

លោក​បាន​ទទួល​បរិញ្ញាបត្រ​ជាន់​ខ្ពស់ ជំនាញ​ហិរញ្ញវត្ថុ ពី​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ ក្នុង​ឆ្នាំ២០០៨ ។

 

លោកស្រី​ ប៊ុត ប៊ុនសីហា​
អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈប្រធាន​នាយិកា​ប្រតិបត្តិ​នីតិកម្ម និង​លេខា​ធិការ​ក្រុមហ៊ុន

ជន​ជាតិ​ខ្មែរ កើត​ក្នុង​ខែសីហា ឆ្នាំ១៩៨០ និង​បាន​បម្រើការ​នៅ​អេស៊ីលីដា ចាប់​តាំង​ពី​ខែតុលា ឆ្នាំ២០០៧ ។

ក្នុង​មុខ​តំណែង​ជា​អនុ​ប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈ​ប្រធាន​នាយិកា​ប្រតិបត្តិ​នីតិកម្ម និង​លេខា​ធិការ​ក្រុមហ៊ុន លោក​ស្រី​ក៏​ជា​សមាជិកា​គណៈ​កម្មា​ធិការ​ប្រតិបត្តិ ទទួល​បន្ទុក​គ្រប់គ្រង​ផែន​ការ​យុទ្ធសាស្ត្រ​រួម និង​ប្រតិបត្តិការ​អាជីវកម្មប្រចាំថ្ងៃ​របស់​ធនាគារ ដោយ​អនុលោម​ទៅ​តាម​បទបញ្ញត្តិ ព្រម​ទាំង​ទំនាក់ទំនង​ជា​មួយ​ភាគ​ទុនិក និង​ក្រុម​ប្រឹក្សា​ភិបាល ។ លោក​ស្រី​ទទួល​បន្ទុក​គ្រប់គ្រង​លើ នាយកដ្ឋាន​នីតិកម្ម, នាយកដ្ឋាន​លេខាធិការ​ក្រុមហ៊ុន និង​បង្ហាញ​ព័ត៌មាន, ការិយា​ល័យ​គ្រប់គ្រង​វិវាទ, និង ការិយា​ល័យ​ប្រឹក្សា​បុត្រសម្ព័ន្ធ ។ លោក​ស្រី​ទទួល​ខុស​ត្រូវ​​ដោយ​ផ្ទាល់ចំពោះ​ប្រធាន​នាយក​ប្រតិបត្តិ ។

លោកស្រី​ទទួល​បាន​បរិញ្ញាបត្រ​ផ្នែក​ច្បាប់​ក្នុង​ឆ្នាំ២០០៦ ។ បច្ចុប្បន្ន​លោកស្រី​កំពុង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ភាសា​អង់គ្លេស នៅ​សាកល​វិទ្យាល័យ វេស្ទើន និង​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ផ្នែក​ច្បាប់ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ។

 

លោក​ ម៉ាច​ ធែរី​
អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈប្រធាន​នាយក​ប្រតិបត្តិ​ព័ត៌មាន​វិទ្យា

ជន​ជាតិ​ខ្មែរ កើត​ក្នុង​ខែវិច្ឆិកា ឆ្នាំ១៩៦៥ ។ លោក ម៉ាច ធែរី បាន​បម្រើ​ការងារ​ឱ្យ​អង្គការ-ស្ថាប័ន​ជា​ច្រើន ដូចជា ធនាគារ ANZ ក្នុង​ប្រទេស​អូស្ត្រាលី, សាកល​វិទ្យាល័យ Monash, UNHCR ប្រចាំ​ប្រទេស​កម្ពុជា, អង្គការ​ទស្សនៈ​ពិភព​លោក​កម្ពុជា, អង្គការ​ពលកម្ម​អន្តរជាតិ, និង​ចុង​ក្រោយ​ធ្វើ​ជា​ទីប្រឹក្សា​ឱ្យ​អង្គការ អេស៊ីលីដា ។ លោក​បាន​ចូល​បម្រើ​ការ​ពេញ​ម៉ោង​នៅ​ធនាគារ អេស៊ីលីដា ក្នុង​ខែកក្កដា ឆ្នាំ២០០០ ។ លោក ម៉ាច ធែរី បាន​កាន់​តំណែង​ជា​នាយក​ប្រតិបត្តិ​បច្ចេកវិជ្ជា​ព័ត៌មាន នៃ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ចាប់​តាំង​ពី​ខែកក្កដា ឆ្នាំ២០០៦ ដល់​ខែធ្នូ ឆ្នាំ២០១៧ ។ បន្ទាប់​មក​លោក​ក៏​ត្រូវ​បាន​តែង​តាំង​ជា​អនុ​ប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈ​ប្រធាន​នាយក​ប្រតិបត្តិ​ព័ត៌មាន​វិទ្យា ។ លោក​ក៏​ធ្វើ​ជា​ប្រធាន​គណៈ​កម្មាធិការ IT Steering និង​រាយការណ៍​ជូន​គណៈ​កម្មាធិការ​បច្ចេក​វិទ្យា​ព័ត៌មាន​នៃ​ក្រុម​ប្រឹក្សា​ភិបាល ។

លោក​ទទួល​បាន​បរិញ្ញាបត្រ​ផ្នែក​​វិទ្យាសាស្ត្រ ជំនាញ​វិទ្យាសាស្ត្រ​កុំព្យូទ័រ​និង​ស្តិតិ ពី​សាកល​វិទ្យាល័យ Monash នៅ​ប្រទេស​អូស្រ្តាលី ក្នុង​ឆ្នាំ១៩៨៦ ។ បន្ទាប់​មក​លោក​បាន​បន្ត​ការ​សិក្សា​ផ្នែក​ប្រព័ន្ធ​អាជីវកម្ម (Business Systems) និង​បាន​ទទួល​សញ្ញាបត្រ ក្នុង​ឆ្នាំ១៩៩០ ពី​សាកល​វិទ្យាល័យ​ដដែល​នោះ ។

 

បណ្ឌិត​ ឡឹង​ សុភាព
អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈប្រធាន​នាយក​ប្រតិបត្តិ​ហានិភ័យ

ជន​ជាតិ​ខ្មែរ កើត​ក្នុង​ខែ​មីនា ឆ្នាំ១៩៦៧ ។ បណ្ឌិត ឡឹង សុភាព បាន​បញ្ចប់​ថ្នាក់​បណ្ឌិត​ផ្នែក​គ្រប់​គ្រង​ពាណិជ្ជកម្ម ពី​សាកល​វិទ្យាល័យ Preston រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ឆ្នាំ២០១២ ។ លោក​បាន​ចូល​បម្រើ​ការងារ​ជា​មួយ ធនាគារ អេស៊ីលីដា ភីអិលស៊ី ចាប់​តាំង​ពី​ខែធ្នូ ឆ្នាំ១៩៩៧ ជា​គណនេយ្យករ ។ ចាប់​ពី​ពេល​នោះ​មក​លោក​បាន​កាន់​តំណែង និង​តួនាទី​ផ្សេងៗ​ជា​ច្រើន​នៅ​ក្នុង​ធនាគារ ។ បច្ចុប្បន្ន ក្នុង​តួនាទី​ជា​អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈ​ប្រធាន​នាយក​ប្រតិបត្តិ​ហានិភ័យ លោក​ទទួល​ខុស​ត្រូវ​គ្រប់​គ្រង​ហានិភ័យ​ឥណទាន និង​ហានិភ័យ​ផ្សេងៗ​ទៀត​របស់​ធនាគារ​ទាំង​មូល ។ លោក​ត្រូវ​បាន​តែង​តាំង​ជា​សមាជិក​ក្រុម​ប្រឹក្សាភិបាល​របស់​អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ចាប់​តាំង​ពីខែកក្កដា ឆ្នាំ២០១៧ ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.៣៦១.៥៥៧ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ១.១២៥    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៣២.៥៣៨    ចំនួនអ្នកទស្សនាពីម្សិល : ៩៣.៦១៤