homenavigate_nextព័ត៌មានហិរញ្ញវត្ថុnavigate_nextរបាយការណ៍ប្រធានក្រុមប្រឹក្សាភិបាល
របាយការណ៍ប្រធានក្រុមប្រឹក្សាភិបាល

លោក ឆាយ សឿន ប្រធានក្រុមប្រឹក្សាភិបាល
ជំនួសមុខឱ្យក្រុមប្រឹក្សាភិបាលនៃធនាគារ អេស៊ីលីដា ភីអិលស៊ី ខ្ញុំមានសេចក្តីសោមនស្សរីករាយ ក្នុងការបង្ហាញនូវរបាយការណ៍ប្រចាំឆ្នាំ២០១៩ ជូនដល់ភាគទុនិក និងអ្នកពាក់ព័ន្ធផ្សេងៗទៀតរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ។
សេដ្ឋកិច្ចកម្ពុជា
ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចនឹងកើនឡើង ៧% សម្រាប់ឆ្នាំ២០១៩ ។ កំណើននេះបន្តរីកចម្រើនក្នុងល្បឿនមួយដ៏រឹងមាំ ដោយជម្រុញពិពិធកម្មនាំចេញសំណង់រឹងមាំ និងសកម្មភាពទេសចរណ៍ ជាមួយលក្ខខណ្ឌផ្សេងៗល្អប្រសើរ និងការគាំទ្រលើគោលនយោបាយសារពើពន្ធ ។
វិស័យហិរញ្ញវត្ថុ
ដោយសារតែប្រទេសកម្ពុជាមានសន្តិភាព ស្ថិរភាព និងកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ទើបធ្វើឱ្យមានការរីកចម្រើនគួរឱ្យកត់សម្គាល់នូវចំនួនគ្រឹះស្ថានហិរញ្ញវត្ថុក្នុងឆ្នាំ២០១៩ ដែលបច្ចុប្បន្នមានធនាគារពាណិជ្ជ ចំនួន៤៦, ធនាគារឯកទេស ចំនួន១៦, ស្ថាប័នមីក្រូហិរញ្ញវត្ថុ ចំនួន៨២ ។
យើងខ្ញុំសូមស្វាគមន៍ចំពោះបទប្បញ្ញត្តិថ្មីៗ ដែលបានចេញដោយធនាគារជាតិ នៃ កម្ពុជា ដែលផ្តោតលើការឆ្លើយតបទៅនឹងតម្រូវការកាត់បន្ថយហានិភ័យ ការពារផលប្រយោជន៍របស់ភាគីពាក់ព័ន្ធ ហើយជាពិសេស ដើម្បីពង្រឹងការការពារអតិថិជន ក្នុងចំណោមយន្តការជាច្រើនផ្សេងទៀត ដែលមានគោលដៅល្អបំផុតដើម្បីធានាកំណើនប្រកបដោយនិរន្តរភាព នៅក្នុងវិស័យហិរញ្ញវត្ថុ ។
ធនាគារ អេស៊ីលីដា ភីអិលស៊ី
ក្នុងឆ្នាំ២០១៩ នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបន្តអនុវត្តគោលដៅចម្បង ដែលបានចែងនៅក្នុងយុទ្ធសាស្ត្ររយៈពេល ៥ឆ្នាំ (២០១៩ ដល់ ២០២៣) របស់ធនាគារ ដើម្បីក្លាយជាធនាគារពាណិជ្ជក្នុងតំបន់ ជា "ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត" ជាមួយនឹងការប្រកួតប្រជែងនៅក្នុងទីផ្សារ ។ ការផ្តល់តម្លាភាព និងទំនុកចិត្ត ទៅដល់អ្នកដែលពាក់ព័ន្ធ គឺជាចំណូលរយៈពេលវែង ដោយយើងនៅតែបន្តគាំទ្រដល់របៀបវារៈកំណើនសេដ្ឋកិច្ច និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ចតុកោណរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ។
ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅតែបន្តពង្រឹងគំរូអាជីវកម្មរបស់ធនាគារ និងសម្រួលដល់ការផ្តល់សេវាកម្មធនាគារដល់អតិថិជន ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន ដែលធ្វើឱ្យធនាគារទទួលបានប្រាក់ចំណូលប្រកបដោយនិរន្តរភាពយូរអង្វែង ដើម្បីផ្តល់ផលប្រយោជន៍ដល់ភាគទុនិករបស់ធនាគារ ។
ក្នុងឆ្នាំនេះ និងឆ្នាំក្រោយតទៅមុខទៀត ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងនៅតែបន្តបង្កើនសេវាធនាគារអេឡិចត្រូនិក ដើម្បីផ្តល់សេវាកម្មធនាគារដ៏ល្អប្រសើរ និងភាយងាយស្រួលដល់អតិថិជន និងត្រៀមខ្លួនរួចរាល់ក្នុងការបម្រើអតិថិជនចាប់ពីឆ្នាំ២០១៨ នេះតទៅ ជាមួយនឹងយុទ្ធសាស្ត្រធនាគារឌីជីថល ដោយរួមបញ្ចូលទាំងសេវាធនាគារអេឡិចត្រូនិកតាមប្រព័ន្ធបច្ចេកវិជ្ជាហិរញ្ញវត្ថុ (FinTech) ។
បរិយាកាសធុរកិច្ចនៅប្រទេសកម្ពុជា បានផ្តល់ការគាំទ្រយ៉ាងរឹងមាំដល់សហគមន៍អាជីវកម្ម រួមទាំងធនាគារ អេស៊ីលីដា ភីអិលស៊ី ផងដែរ ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី អាចសម្រេចជោគជ័យបានតាមផែនការអាជីវកម្មរបស់ខ្លួន ខណៈដែលស្ថាប័នផ្តល់ចំណាត់ថ្នាក់ធនាគារអន្តរជាតិ (Standard & Poor's) បានដំឡើងចំណាត់ថ្នាក់របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ពី "B" ទៅ "B+" ជាមួយនឹងទស្សនវិស័យ "ស្ថិរភាព" ។ ចំណាត់ថ្នាក់នេះបញ្ជាក់ពីភាពជោគជ័យ តាមរយៈការពង្រឹងអភិបាលកិច្ច ដើមទុន កេរ្តិ៍ឈ្មោះប្រតិបត្តិការ និងលទ្ធភាពផ្តល់ស្ថិរភាពដល់ដំណើរការអាជីវកម្មរបស់ធនាគារ ។
សមាសភាពក្រុមប្រឹក្សាភិបាល
ក្រុមប្រឹក្សាភិបាលមានអភិបាលសរុបចំនួន ១០នាក់ ដែលក្នុងនោះមាន ៣នាក់ ជាអភិបាលឯករាជ្យ, ៥នាក់ ជាអភិបាលមិនប្រតិបត្តិ, និង ២នាក់ទៀតជាអភិបាលប្រតិបត្តិ ។
អភិបាលកិច្ច
ធនាគារបើកកិច្ចប្រជុំភាគទុនិកប្រចាំឆ្នាំ ដោយអនុលោមទៅតាមច្បាប់ លក្ខន្តិកៈ និងបទប្បញ្ញត្តិផ្សេងៗដែលពាក់ព័ន្ធ ។ ក្នុងឆ្នាំ២០១៩ កិច្ចប្រជុំភាគហ៊ុនិកបានធ្វើនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ និងកិច្ចប្រជុំភាគហ៊ុនិកវិសាមញ្ញ ធ្វើនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ នៅការិយាល័យកណ្តាលរបស់ធនាគារ អេស៊ីលីដា ។
ក្រុមប្រឹក្សាភិបាល និងថ្នាក់គ្រប់គ្រង មានភារកិច្ចទទួលខុសត្រូវធានាឱ្យបាននូវរាល់ប្រតិបត្តិការរបស់ធនាគារទាំងអស់ គឺអនុវត្តស្របតាមច្បាប់ និងបទប្បញ្ញាត្តិផ្សេងៗ ដែលត្រូវបានយកចិត្តទុកដាក់សម្រាប់ប្រតិបត្តិការរបស់ធនាគារនាពេលខាងមុខ ។
ដោយយោងលើតួនាទី និងភារកិច្ច ក្រុមប្រឹក្សាភិបាលត្រូវជួបប្រជុំ៤ដង យ៉ាងទៀងទាត់ក្នុងមួយឆ្នាំ ។ ក្នុងកិច្ចប្រជុំ គឺពិនិត្យមើលការអនុវត្តរបស់ថ្នាក់គ្រប់គ្រងប្រតិបត្តិ និងការត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាពលើប្រតិបត្តិការរបស់ធនាគារ ។ ក្រុមប្រឹក្សាភិបាល ត្រូវបានគាំទ្រដោយគណៈកម្មាធិការក្រុមប្រឹក្សាភិបាល ដែលទទួលខុសត្រូវការងារអភិបាលកិច្ចផ្សេងៗគ្នា ។ គណៈកម្មាធិការក្រុមប្រឹក្សាភិបាលរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន ៖ គណៈកម្មាធិការសនវកម្ម, គណៈកម្មាធិការផ្តល់តម្លៃការ និងជ្រើសតាំង, គណៈកម្មាធិការគ្រប់គ្រងហានិភ័យ, និង គណៈកម្មាធិការបច្ចេកវិទ្យាព័ត៌មាន ។
ទស្សនវិស័យ ឆ្នាំ២០២០
យោងតាមការព្យាករណ៍របស់ធនាគារពិភពលោក ស្តីពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា គឺនៅរក្សាកំណើនស្ថិរភាពប្រហែល ៧% ក្នុងឆ្នាំ២០២០ ដោយសារកំណើននៃការនាំចេញ, លំហូរនៃការវិនិយោគបរទេស, ទេសចរណ៍, និង សំណង់និងអចលនទ្រព្យ ។ វិស័យទាំងនេះរំពឹងថានឹងបន្តរីកចម្រើនថែមទៀត ។
ទោះបីជាយ៉ាងណាក៏ដោយ មានហានិភ័យចម្បងៗមួយចំនួន សម្រាប់កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២០នេះ ។ សម្រាប់ហានិភ័យខាងក្រៅ រួមមានការឆ្លាក់ចុះលឿនជាងការរំពឹងទុករបស់សេដ្ឋកិច្ចចិន ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជា ដោយសារកម្ពុជាមានទំនាក់ទំនងជិតស្និតជាមួយប្រទេសចិន ។ លើសពីនេះ ការអនុវត្តគោលនយោបាយការពារនិយម អាចប៉ះពាល់ដល់ការនាំចេញរបស់ប្រទេស ។ ជាចុងក្រោយ មេរោគកូវីដ១៩ កំពុងរាលដាលពាសពេញពិភពលោក និងជះឥទ្ធិពលដល់កំណើនសេដ្ឋកិច្ចក្នុងរយៈពេលខ្លី ដោយសារតែការឆ្លាក់ចុះនៃវិស័យទេសចរណ៍ ការថយចុះការផ្គត់ផ្គង់វត្ថុធាតុដើមដល់វិស័យកាត់ដេរ និងវិស័យសេវាកម្ម និងបដិសណ្ឋារកិច្ច ។ ក្នុងដំណាក់កាលនេះ យើងពិបាកក្នុងការទស្សន៍ទាយពីផលប៉ះពាល់ទៅលើកំណើនក្នុងរយៈពេលខ្លី និងរយៈពេលវែង ។
ការទទួលស្គាល់
ក្នុងនាមក្រុមប្រឹក្សាភិបាល ខ្ញុំបាទសូមថ្លែងអំណរគុណដល់អតិថិជន ភាគទុនិក អភិបាល ថ្នាក់គ្រប់គ្រងប្រតិបត្តិ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់ដែលបានគាំទ្រ និងខិតខំប្រឹងប្រែងអនុវត្តតាមយុទ្ធសាស្ត្ររបស់ធនាគារ ធ្វើឱ្យធនាគារសម្រេចបានជោគជ័យតាមគោលដៅ និងបំណងរបស់ខ្លួន ។
យើងខ្ញុំក៏សូមសម្តែងនូវការដឹងគុណដល់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ធនាគារជាតិនៃកម្ពុជា និយ័តករ ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលតែងតែជួយគាំទ្រ និងប្រឹងប្រែងអភិវឌ្ឍឧស្សាហកម្មហិរញ្ញវត្ថុកម្ពុជា ជាពិសេសវិស័យធនាគារតែម្តង ។
យើងខ្ញុំសូមធានាចំពោះអតិថិជន ព្រមទាំងភាគទុនិកទាំងអស់ថានៅឆ្នាំ២០២០ នេះ យើងខ្ញុំនឹងបន្តយកចិត្តទុកដាក់ទៅលើតំបន់ដែលផ្តល់ឱកាសល្អដល់ធនាគារ អេស៊ីលីដា ភីអិលស៊ី និងបន្តខិតខំប្រឹងប្រែងអស់ពីលទ្ធភាពក្នុងការសម្រេចឱ្យបាននូវភាពជោគជ័យ រីកចម្រើន និងមាននិរន្តរភាព ព្រមទាំងផ្តល់នូវគោលដៅយុទ្ធសាស្ត្រ ក្នុងការបង្កើនប្រាក់ចំណេញនាពេលអនាគត ក៏ដូចជាពង្រឹងជំហររបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងក្នុងតំបន់ ។
លោក ឆាយ សឿន
ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ អេស៊ីលីដា ភីអិលស៊ី
ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០