homenavigate_nextព័ត៌មានហិរញ្ញវត្ថុnavigate_nextរបាយការណ៍ប្រធាននាយកប្រតិបត្តិ
របាយការណ៍ប្រធាននាយកប្រតិបត្តិ

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី
បង្កើនបទពិសោធន៍របស់អតិថិជន និងពង្រឹងប្រព័ន្ធសុវត្ថិភាពអ៊ីនធើណែត គឺជាចំណុចដែលធនាគារ អេស៊ីលីដា ភីអិលស៊ី ផ្តោតការយកចិត្តទុកដាក់បំផុត ។ ដើម្បីសម្រេចនូវវឌ្ឍនភាពគោលដៅដ៏រឹងមាំទាំងនេះ ធនាគារនឹងបន្តលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព៍ត៌មាន តាមរយៈការវិនិយោគលើបច្ចេកវិទ្យាជឿនលឿន ពង្រឹងសមត្ថភាពធនធានមនុស្ស ព្រមទាំងពង្រីកនិងកែលម្អដំណើរការអាជីវកម្ម ។ ជាយុទ្ធសាស្ត្រ យើងខ្ញុំកំពុងអភិវឌ្ឍប្រព័ន្ធទូទាត់ដែលអាចឱ្យដៃគូទាំងក្នុង និងក្រៅប្រទេស អាចភ្ជាប់ប្រព័ន្ធនេះដើម្បីបម្រើអតិថិជនទៅវិញទៅមក និងឆ្លងព្រំដែន ។ ខ្ញុំបាទជឿជាក់ថា ប្រព័ន្ធនេះមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់អតិថិជនដ៏វៃឆ្លាតរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដៃគូអាជីវកម្មរបស់យើងផងដែរ ។ យើងខ្ញុំទទួលស្គាល់ថា អតិថិជន និងដៃគូអាជីវកម្មទាំងអស់គឺជាបណ្តាញតភ្ជាប់ដ៏មានសារសំខាន់សម្រាប់ពង្រីកសេវាកម្មរបស់ធនាគារ ។
សមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០១៩
ស្ថានភាពប្រកួតប្រជែង
ធនាគារ និងស្ថាប័នហិរញ្ញវត្ថុជាច្រើន ទទួលបម្រើអតិថិជនរបស់ពួកគេតាមរយៈបណ្តាញការិយាល័យ និងសាខាជាច្រើន ហើយថែមទាំងពង្រីកហេដ្ឋារចនាសម្ព័ន្ធសេវាធនាគារអេឡិចត្រូនិក ដូចជា អេធីអឹម ម៉ាស៊ីនឆូតកាត និងសេវាធនាគារតាមអ៊ីនធើណែត ។ ហេដ្ឋារចនាសម្ព័ន្ធសេវាធនាគារឌីជីថល ត្រូវបានដាក់ឱ្យដំណើរការជាបន្តបន្ទាប់ ជាមួយនឹងកម្មវិធីដែលដំណើរការតាមទូរស័ព្ទដៃ ដើម្បីឱ្យសេវាកម្មរបស់ពួកគេ អាចឈានទៅដល់ដៃអតិថិជននិងអាចប្រើបានគ្រប់ពេលវេលា (២៤ម៉ោងក្នុង១ថ្ងៃ) និងគ្រប់ទិសទី ។ ធនាគារ អេស៊ីលីដា បានបន្តជោគជ័យយ៉ាងខ្លាំងក្លា លើការអនុវត្តនូវគំរូនេះ ។ ដើម្បីអាចប្រគួតប្រជែងនៅលើទីផ្សារបាន ធនាគារ អេស៊ីលីដា នៅតែបន្តគាំទ្រដល់ការរីកចម្រើនរួមគ្នាដល់អតិថិជន និងដៃគូក្នុងការទូទាត់តាមរយៈឃ្យូអរកូដទាំងក្នុង និងក្រៅប្រទេស ។
ចំណុចសំខាន់ៗនៃប្រតិបត្តិការក្នុងឆ្នាំ២០១៩
- សមតុល្យឥណទានសរុបក្នុងឆ្នាំ២០១៩ មានចំនួន ៣.៨៧៩,៤៦ លានដុល្លារអាមេរិក ក្នុងនោះមានចំនួន ៧៥៧,០៤ លានដុល្លារអាមេរិក ស្មើនឹង ១៩,៥១% បានផ្តល់លើវិស័យកសិកម្ម ក្នុងចំណោមវិស័យផ្សេងៗជាច្រើនទៀត ។ បើប្រៀបធៀបកាលពីឆ្នាំ២០១៨ ការផ្តល់ឥណទានលើវិស័យកសិកម្ម មានចំនួន ៦៥៩,៧១ លានដុល្លារអាមេរិក ។ គិតត្រឹមដំណាច់ឆ្នាំ២០១៩ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានអតិថិជនឥណទានអាជីវកម្មខ្នាតតូច ចំនួន ៤៣៨.៦៥០ នាក់ ។
- ឥណទានមិនដំណើរការ មានចំនួន ១,១១% ។
- ប្រាក់បញ្ញើ-សន្សំ មានចំនួន ៤.៣៦៧,៩០ លានដុល្លារអាមេរិក ដែលមានគណនីចំនួន ២.៦២០.៧៧៨ លាន ។
- ធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលបានប្រាក់ចំណេញប្រចាំឆ្នាំ២០១៩ ចំនួន ១២០,៨៩ លានដុល្លារអាមេរិក ។
- ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅតែបន្តកាត់បន្ថយចំណាយ និងត្រួតពិនិត្យហានិភ័យ ដើម្បីទទួលបានចំណូលខ្ពស់បំផុត ។
- សេវាធនាគារអេឡិចត្រូនិកតាមប្រព័ន្ធបច្ចេកវិជ្ជាហិរញ្ញវត្ថុ (FinTech) បានបញ្ចូលជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធសេវាធនាគារអេឡិចត្រូនិក ផ្សេងទៀតរបស់ធនាគារ បានផ្តល់ជូនអតិថិជននូវជម្រើសជាច្រើន ដើម្បីគ្រប់គ្រងធនធានហិរញ្ញវត្ថុរបស់ពួកគាត់យ៉ាងមានប្រសិទ្ធភាព ពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា តាមតម្រូវការ ដើម្បីធ្វើប្រតិបត្តិការសេវាធនាគារយ៉ាងមានសុវត្ថិភាពខ្ពស់ ។
សេវាលក់រាយ និងអាជីវកម្មខ្នាតតូច
ឥណទានខ្នាតតូចបានកើតឡើង ១៥,២៥% ដែលមានសមតុល្យឥណទានសរុប ២៦៥,៧២ លានដុល្លារអាមេរិក បើប្រៀបធៀបនឹងឆ្នាំ២០១៨ និងឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន កើនឡើង ២០,០៨% ដែលមាន ចំនួនស្មើនឹង ២០,០៣ លានដុល្លារអាមេរិក ។ ឥណទានគេហដ្ឋាន មានចំនួន ១៨៣,២៩ លានដុល្លារអាមេរិក នៃទំហំឥណទានសរុប ដែលឥណទានរយៈពេលវែងរហូតដល់១០ឆ្នាំនេះ បានថយចុះ ៩,៩៤% ដោយសារធនាគារផ្តោតលើសហគ្រាសធុនតូច និងមធ្យម ។ នាដំណាច់ឆ្នាំ២០១៩ សមតុល្យឥណទានសរុប មានចំនួន ៣.៨៧៩,៤៦ លានដុល្លារអាមេរិក ។
ប្រាក់បញ្ញើ-សន្សំមានកំណើន ១២,៩៦% ដែលបានកើនចំនួន ៤៩៧,០៤ លានដុល្លារអាមេរិក បើប្រៀបធៀបនឹងឆ្នាំ២០១៨ ។ វិស័យលក់រាយជាផ្នែកដែលធំជាងគេបំផុតនៃកំណើនប្រាក់បញ្ញើសរុប ដែលភាគច្រើនបានមកពីអតិថិជនដាក់ប្រាក់បញ្ញើដំបូង ដូចជាកម្មករនិយោជិតតាមរយៈ សេវាបើកប្រាក់បៀវត្ស និងអតិថិជននៅតាមជនបទ ដែលពួកគាត់បានប្រើប្រាស់ សេវាអេស៊ីលីដាយូនីធីទាន់ចិត្ត ។ ការពង្រីកសេវាធនាគារតាមរយៈ FinTech បានចូលរួមធ្វើឱ្យមានកំណើននេះខ្លាំងផងដែរ ។ គួរកត់សម្គាល់ផងដែរថា ប្រាក់បញ្ញើទាំងនោះអាចគ្របដណ្តប់លើសមតុល្យឥណទាន ដែលមានចំនួន ៤.០៨២,៧២ លានដុល្លារអាមេរិក ។
ធនាគារ អេស៊ីលីដា ភីអិលស៊ី កំពុងតែអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធសាខាទាំង ៣១៣ទីតាំង, អេធីអឹម ៦៨៣គ្រឿង, និងម៉ាស៊ីនឆូតកាត ៤.២៨៩គ្រឿង ថែមទាំងធ្វើឱ្យសេវាអេស៊ីលីដាយូនីធីទាន់ចិត្ត កាន់តែទំនើប និងមានប្រជាប្រិយ ដែលមានអតិថិជនកំពុងប្រើប្រាស់ជាង ១,៣ លាននាក់ ។ សមតុល្យប្រាក់បញ្ញើ-សន្សំ មានចំនួន ៤.៣៦៧,៩០ លានដុល្លារអាមេរិក ជាមួយនឹងគណនីសរុបជាង ២,៦លានគណនី ហើយបានចេញប័ណ្ណឥណពន្ធចំនួន ១,៣ លានប័ណ្ណ ។
ឥណទានខ្នាតមធ្យម និងសាជីវកម្ម
ក្នុងឆ្នាំ២០១៩ ឥណទាននៅក្នុងវិស័យនេះកើនឡើង ១,៣៧% ដែលមានចំនួនស្មើនឹង ៣១,១៣% នៃឥណទានសរុប ។ សេវាគ្រប់គ្រងសាច់ប្រាក់បានកើនឡើងយ៉ាងខ្លាំង តាមរយៈការចាប់ដៃគូជាមួយនឹងវិស័យសាធារណៈ ជាពិសេសបេឡាជាតិសន្តិសុខសង្គមសម្រាប់មន្រ្តីរាជការស៊ីវិល សេវាបើកប្រាក់បៀវត្សសម្រាប់មន្រ្តីរដ្ឋាភិបាល និងសេវាប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ រួមទាំងអតិថិជនមុខជំនួញជាច្រើន ជាពិសេសរោងចក្រកាត់ដេរ ។ ក្នុងនាមជាអ្នកគ្រប់គ្រងមូលនិធិរបស់បេឡាជាតិសន្តិសុខសង្គម ធនាគារ អេស៊ីលីដា ភីអិលស៊ី អាចទទួលបានប្រាក់បញ្ញើទូទាំងរាជធានី-ខេត្ត ។ លើសពីនេះទៀត អតិថិជនថ្មីៗជាច្រើនត្រូវបានតម្រូវឱ្យបើកគណនី ដោយសារការបន្ថែមម៉ាស៊ីនអេធីអឹម និងការទូទាត់វិក្កយបត្ររបស់ស្ថាប័នផ្សេងៗ តាមរយៈសេវាអេស៊ីលីដាយូនីធីទាន់ចិត្ត ព្រមទាំងសេវាអេស៊ីលីដាអ៊ីនធើណែត ផងដែរ ។ ទាំងនេះធ្វើឱ្យមានលទ្ធផលវិជ្ជមាន ទៅលើលំហូរសាច់ប្រាក់ជារូបិយវត្ថុរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និងអាចឱ្យយើងផ្តល់ឥណទានជាប្រាក់រៀល ពីប្រាក់បញ្ញើបានផងដែរ ។ តម្រូវការប្រើប្រាស់សេវាបើកប្រាក់បៀវត្ស កើនឡើងខ្លាំងនៅក្នុងឆ្នាំ២០១៩ ដោយមានស្ថាប័នរដ្ឋាភិបាល និងមន្រ្តីរាជការ ព្រមទាំងក្រុមហ៊ុន ក្នុងប្រទេស និងក្រៅប្រទេស ធំៗ និងស្ថាប័ននានាបានចូលរួមប្រើប្រាស់ ដែលជាឱកាសដ៏ល្អសម្រាប់ការលក់ផលិតផលផ្សេងៗទៀត ។
ធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន នៅតែបន្តសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្ររយៈពេលវែង ជាមួយធនាគារជប៉ុន SMBC, ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍, និង ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ។ ដោយរួមបញ្ចូលគ្នានូវបទពិសោធន៍រាប់រយឆ្នាំក្នុងសេវាធនាគារ និងហិរញ្ញវត្ថុ ដៃគូទាំងអស់ជួយដល់អតិថិជន គ្រប់គ្រងធនធានហិរញ្ញវត្ថុរបស់ពួកគាត់ប្រកបដោយប្រសិទ្ធភាព និងធ្វើឱ្យធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលបានប្រាក់ចំណូល បង្កើនប្រភពមូលនិធិយូរអង្វែងសម្រាប់ធនាគារ អេស៊ីលីដា ភីអិលស៊ី ។ ភាពជាដៃគូទាំងនេះ បានរួមចំណែកយ៉ាងសំខាន់ដល់ការផ្តល់មូលនិធិរយៈពេលវែងដល់ធនាគារ អេស៊ីលីដា ភីអិលស៊ី និងជាប្រភពដ៏មានប្រយោជន៍នៃប្រាក់ចំណូល ក្រៅតារាងតុល្យការ ។ ម្យ៉ាងវិញទៀត ការចែករំលែកនូវជំនាញអន្តរជាតិ មានតួនាទីយ៉ាងល្អដល់ការគ្រប់គ្រង និងការអភិវឌ្ឍសមត្ថភាពធនធានមនុស្សរបស់ធនាគារ ។
រតនាភិបាល និងអន្តរជាតិ
ចំណូលពីសេវាប្តូរប្រាក់បន្តកើនឡើង និងចូលរួមបង្កើនចំណូលមិនមែនការប្រាក់ ។ ដោយយោងលើគោលនយោបាយគ្រប់គ្រងហានិភ័យ ធនាគារ អេស៊ីលីដា ភីអិលស៊ី បម្រើសេវាប្តូរប្រាក់សម្រាប់តែគាំទ្រដល់អាជីវកម្មរបស់អតិថិជនប៉ុណ្ណោះ ។ សេវានេះជាប្រភពចំណូលមានហានិភ័យទាប និងមានស្ថិរភាព ហើយមានកំណើនជាលំដាប់ បង្កើតប្រាក់ចំណូលល្អប្រសើរ និងរក្សាទំនាក់ទំនងយូរអង្វែងជាមួយអតិថិជន ។
តារាងតុល្យការរបស់ធនាគារកាន់តែរឹងមាំថែមទៀត តាមរយៈកំណើនអតិថិជនបញ្ញើ-សន្សំយ៉ាងខ្លាំង ធ្វើឱ្យអនុបាតឥណទានធៀបនឹងប្រាក់បញ្ញើមានភាពល្អប្រសើរ និងជួយទ្រទ្រង់ដល់ការរីកចម្រើននៅលើទីផ្សារ ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានចូលរួមចំណែកផ្សព្វផ្សាយការប្រើប្រាស់ប្រាក់រៀល ដោយផ្តល់ឥណទានជាប្រាក់រៀលដល់អតិថិជនដែលមានចំនួនជាង ១៣% នៃទំហំឥណទានសរុប ដែលលើសពីបញ្ញត្តិតម្រូវត្រឹមតែ ១០% ប៉ុណ្ណោះ ។ ធនាគារក៏បានចូលរួមយ៉ាងសកម្មនៅក្នុង Liquidity Providing Collateralized Operation (LPCO) ដើម្បីប្រភពទន់បន្ថែមជាប្រភេទប្រាក់ក្នុងស្រុក ។
បន្ថែមពីនេះទៀត ដើម្បីគាំទ្រដល់ប្រភពមូលនិធិរយៈពេលវែង ធនាគារ អេស៊ីលីដា ភីអិលស៊ី បានចាត់ចែងជម្រើសមូលនិធិដោយរក្សាទំនាក់ទំនងល្អជាមួយនឹងដៃគូយុទ្ធសាស្ត្រទូទាំងសកលលោក ជាពិសេស នៅអឺរ៉ុប សហរដ្ឋអាមេរិក និងអាស៊ី ។ ធនាគារនៅតែបន្តពង្រឹងទំនាក់ទំនងជាមួយស្ថាប័នហិរញ្ញវត្ថុជាច្រើន និងបានបន្ថែមធនាគារដៃគូក្រៅប្រទេសថ្មីៗជាច្រើនថែមទៀត ដើម្បីបង្កើនបណ្តាញប្រតិបត្តិការរបស់ធនាគារ ។ នាដំណាច់ឆ្នាំ២០១៩ ធនាគារមានធនាគារដៃគូចំនួន ២៩២ នៅក្នុង ៤៥ប្រទេស ។ បន្ថែមពីនេះទៀត ធនាគារមានចំណែកទីផ្សារលើសលុបសម្រាប់គណនីរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុក្នុងស្រុក ព្រមទាំងផ្តល់សេវាផ្ទេរប្រាក់ដល់អតិថិជនទូទាំងប្រទេស ។
ធនាគារក៏បានរៀបចំ និងអនុវត្តបានទាំងស្រុង តាមគោលការណ៍គ្រប់គ្រងហានិភ័យផ្ទៃក្នុង តម្រូវការបទប្បញ្ញត្តិ និងកិច្ចព្រមព្រៀងជាមួយនឹងម្ចាស់បំណុលនានា ។
យុទ្ធសាស្ត្រអាទិភាពសម្រាប់ឆ្នាំ២០២០
- បន្តលើកកម្ពស់ការអភិវឌ្ឍ FinTech ដើម្បីផ្តល់ភាពកាន់តែងាយស្រួលប្រើប្រាស់ដល់អតិថិជន ក្នុងការផ្លាស់ប្តូរទៅការប្រើប្រាស់សេវាធនាគារតាមបែបឌីជីថល (ស្វ័យសេវា) ។
- អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេវាកម្មធនាគារស្វ័យប្រវត្តិ ដើម្បីបម្រើអតិថិជន និងសាធារណជន ២៤ម៉ោង ។
- ពង្រឹងសមត្ថភាពក្រុមហ៊ុនបុត្រសម្ព័ន្ធ ទាំងក្នុង និងក្រៅប្រទេស ដើម្បីអាចប្រកួតប្រជែងនៅលើទីផ្សារបាន ។
- បង្កើតឯកសារឌីជីថល និងឯកសារផ្សេងៗបញ្ចូលគ្នាជាទម្រង់ឌីជីថល សម្រាប់ផលិតផលនិងសេវាកម្មហិរញ្ញវត្ថុ ។
- បង្កើនសុវត្ថិភាពប្រព័ន្ធព័ត៌មានវិទ្យា សម្រាប់គាំទ្រដល់ ធនាគារឌីជីថល ។
- ចាប់ដៃគូជាមួយស្ថាប័ននានា ដើម្បីភាពរីកចម្រើនរបស់ធនាគារ ។
- ដើរតួនាទីជាអ្នកថែរក្សា និងធ្វើពិពិធកម្មមូលនិធិ ដែលទទួលបានពីផ្សារមូលបត្រកម្ពុជា (ផ.ម.ក) ។
- ធ្វើឱ្យសេវាអេស៊ីលីដាយូនីធីទាន់ចិត្ត ក្លាយជាសេវាដែលអាចទូទាត់កាន់តែទូលំទូលាយ ។
បញ្ហាចម្បងក្នុងឆ្នាំ២០២០
ធនាគារ អេស៊ីលីដា នឹងចុះបញ្ជីក្នុងក្រុមហ៊ុមមូលបត្រកម្ពុជា ។ យើងកំពុងតែធ្វើការច្រើនជាមួយនឹងនិយតករ និងសាធារណៈ ។ ទោះជាយ៉ាងណាក៏ដោយ ថ្នាក់គ្រប់គ្រងរបស់ធនាគារបានធ្វើការស៊ីជម្រៅ និងបង្កើតកំណត់ត្រាយ៉ាង ច្បាស់លាស់ រួមជាមួយនឹងវប្បធម៌ការងារដ៏មានតម្លាភាពរបស់ធនាគារ នឹងធ្វើឱ្យធនាគារសម្រេចបានជោគជ័យលើកិច្ចការទាំងអស់ ។
ការប្រកួតប្រជែង មិនត្រឹមតែគុណភាពសេវាកម្ម និងតម្លៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបច្ចេកវិទ្យា FinTech ដែលជឿនលឿនថែមទៀត ដែលធ្វើឱ្យស្ថាប័នធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ត្រូវតែពង្រឹងនិងវិនិយោគលើបច្ចេកវិទ្យានេះ ។ សេវាករទូទាត់បានកាន់កាប់ចំណែកទីផ្សារនៃវិស័យហិរញ្ញវត្ថុពីព្រោះស្ថាប័នសេវាកម្ម ទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ហើយស្ថាប័នទាំងនោះកំពុងផ្តល់សេវាទូទាត់ដល់អតិថិជនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុយ៉ាងសកម្ម ។
ការរីករាលដាលនៃវីរុសកូរវីដ-១៩ និងភាពភ័យខ្លាចផ្សេងៗទូទាំងពិភពលោកនឹងជះឥទ្ធិពលដល់កំណើនសេដ្ឋកិច្ច ។ ខណៈដែលផលប៉ះពាល់ពិតប្រាកដលើសេដ្ឋកិច្ចពិតប្រាកដមានការលំបាកក្នុងការទស្សន៍ទាយ ។ សង្ឈឹមថានឹងមាន វ៉ាកសាំងការពារមេរោគឆ្លង COVID19 និងលែងមានការភ័យខ្លាចមេរោគដ៏កាចសាហាវនេះបន្តទៀត ។
របាយការណ៍ហិរញ្ញវត្ថុដែលតម្រូវឱ្យអនុវត្តតាម CIFRS សម្រាប់របាយការណ៍សវនកម្មឆ្នាំ២០១៩ តទៅ ។ នេះជារបាយការណ៍ថ្មីដែលធនាគារបញ្ចូលក្នុងរបាយការណ៍ប្រចាំឆ្នាំ ។ របាយការណ៍ថ្មីនេះទាមទារឲ្យមានប្រព័ន្ធទំនើប និងបទប្បញ្ញត្តិ ក្នុងការគ្រប់គ្រង និងប្រើប្រាស់នៅពេលមានតម្រូវការ ។ ធនាគារបានបង្កើតរបាយការណ៍ហិរញ្ញវត្ថុនេះឡើង ហើយខ្ញុំបាទសូមណែនាំ និងបង្ហាញជូនភាគីពាក់ព័ន្ធទាំងអស់ ។
ខ្ញុំសូមណែនាំសេវាអេស៊ីលីដាយូនីធីទាន់ចិត្ត បានពង្រីកបណ្តាញអាជីវកម្មយ៉ាងទូលំទូលាយ តាមរយៈមុខងារ Public Access Interface, ទៅកាន់គ្រឹះស្ថានធនាគារ មីក្រូហិរញ្ញវត្ថុ និងសេវាករទូទាត់នានា ដែលបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ។ តាមរយៈបណ្តាញអាជីវកម្មនេះ នឹងបម្រើដល់អតិថិជនក្រុមហ៊ុន និងឯកត្តជន ហើយក៏ជួយឱ្យធនាគារ អេស៊ីលីដា អាចបម្រើអតិថិជនបាន ២៤ម៉ោង ។ ជាមួយសេវាអេស៊ីលីដាទាន់ចិត្ត អតិថិជនអាចគ្រប់គ្រងអាជីវកម្មរបស់ពួកគាត់យ៉ាងមានប្រសិទ្ធភាព និងអាចធ្វើប្រតិបត្តិការសេវាធនាគារជាច្រើនប្រភេទ គ្រប់ទីកន្លែងប្រកបដោយសុវត្ថិភាពខ្ពស់ ។
ជាចុងបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនដ៏វៃឆ្លាត ក្រុមប្រឹក្សាភិបាល ថ្នាក់គ្រប់គ្រង និងបុគ្គលិក ក្រុមប្រឹក្សាយោបល់ព្រមទាំងរាជរដ្ឋាភិបាល ធនាគារជាតិនៃកម្ពុជា ដែលបានគាំទ្រដល់ធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងឆ្នាំ២០១៨ កន្លងមក ។ សូមជូនពរដល់លោកអ្នក និងក្រុមគ្រួសារ ក្នុងឆ្នាំ២០១៩ ទទួលបាននូវសេចក្ដីសុខកាយ សប្បាយចិត្ដ ចម្រើនដោយប្រយោជន៍ ជោគជ័យក្នុងនាទីការងារនិងមុខជំនួញ ប្រកបដោយគុណភាព និងប្រសិទ្ធភាពដ៏ឧត្ដុង្គឧត្ដមកុំបីឃ្លៀងឃ្លាតឡើយ ។
បណ្ឌិត អ៊ិន ចាន់នី
ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០