តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
✖  យល់ព្រម
English     ភាសាខ្មែរ

 »  ព័ត៌មាន  »  ព័ត៌មាន​ថ្មីៗ  »  ធនាគារ អេស៊ីលីដា ភីអិលស៊ី សហការ​ជា​មួយ​ក្រុមហ៊ុន ក្រេឌីតប្យួរ៉ូ (ខេមបូឌា) ក្នុង​ការ​ផ្តល់​សេវា​ត្រួត​ពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ

ធនាគារ អេស៊ីលីដា ភីអិលស៊ី សហការ​ជា​មួយ​ក្រុមហ៊ុន ក្រេឌីតប្យួរ៉ូ (ខេមបូឌា) ក្នុង​ការ​ផ្តល់​សេវា​ត្រួត​ពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ

ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩

រាជធានី​ភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ វេលា​ម៉ោង ២រសៀល នៅ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ការិយាល័យ​កណ្តាល បាន​ប្រារព្វ​ពិធី​ចុះ​កិច្ច​ព្រម​ព្រៀង​ស្តី​អំពី​កិច្ច​សហ​ប្រតិបត្តិការ​ភាព​ជា​ដៃគូរ​ក្នុង​ការ​ផ្តល់ សេវា​ត្រួត​ពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ រវាង ក្រុមហ៊ុន ក្រេឌីតប្យួរ៉ូ (ខេមបូឌា) ការិយាល័យ​ឥណទាន​កម្ពុជា (ស៊ីប៊ីស៊ី) និង ធនាគារ អេស៊ីលីដា ភីអិលស៊ី ។

លោក អឿ សុធារ័ត្ន ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ការិយាល័យ​ឥណទាន​កម្ពុជា បាន​មាន​ប្រសាសន៍​ថា "ក្នុង​រយៈ​ពេល​ជាង​៦ឆ្នាំ​នៃ​ប្រតិបត្តិការ ការិយាល័យ​ឥណទាន​កម្ពុជា ស៊ីប៊ីស៊ី ផ្តល់​របាយការណ៍​ឥណទាន​អតិថិជន អនុញ្ញាត​ឱ្យ​សមាជិក​ស៊ីប៊ីស៊ី អាច​ស្វែង​យល់​ពី​អតិថិជន​របស់​ពួក​គាត់​កាន់​តែ​ច្បាស់ ងាយ​ស្រួល​ក្នុង​ការ​សម្រេច​ចិត្ត​ផ្តល់​ឥណទាន​ដោយ​មាន​ការ​ទទួល​ខុស​ត្រូវ និង​ប្រកប​ដោយ​ប្រសិទ្ធិភាព​ខ្ពស់ ។ ម៉្យាង​វិញ​ទៀត ការិយាល័យ​ឥណទាន​កម្ពុជា ក៏​បាន​ជួយ​អតិថិជន​ទូទៅ ក្នុង​ការ​ស្នើ​សុំ​និង​ស្វែង​យល់​អំពី​ព័ត៌មាន​ឥណទាន​ឱ្យ​កាន់​តែ​ច្បាស់ ក្នុង​ការ​ត្រៀម​ខ្លួន​ស្នើ​សុំ​ឥណទាន ។ បន្ថែម​ពី​នេះ​ទៀត ប្រព័ន្ធ​នេះ​ក៏​ចូល​រួម​ចំណែក​ដល់​ស្ថេរភាព​លើ​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ ព្រម​ទាំង​សេដ្ឋកិច្ច​ជាតិ​ផង​ដែរ ។"

លោក​បន្ត​ទៀត​ថា "ដោយ​មើល​ឃើញ​អំពី​សារ​សំខាន់​នៃ​របាយការណ៍​ឥណទាន​របស់​អតិថិជន និង​ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​អតិថិជន​ដែល​នៅ​តាម​បណ្តា​ខេត្ត ការិយាល័យ​ឥណទាន​កម្ពុជា​បាន​បង្កើត​សេវាកម្ម​នេះ ដោយ​ធ្វើ​កិច្ច​សហ​ប្រតិបត្តិ​ជា​មួយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុង​ការ​ផ្តល់​សេវា​ត្រួត​ពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ នេះ​ជូន​អតិថិជន ដោយ​ជំហ៊ាន​ដំបូង​យើង​ខ្ញុំ​ដាក់​ឱ្យ​ដំណើរការ​នៅ​តាម​សាខា​របស់​ធនាគារ អេស៊ីលីដា ចំនួន ៥ខេត្ត-ក្រុង ហើយ​គ្រោង​នឹង​ពង្រីក​ទូទាំង​ប្រទេស​នៅ​បំណាច់​ឆ្នាំ​២០១៩ នេះ ។ ដើម្បី​ប្រើ​ប្រាស់​សេវាកម្ម​នេះ អតិថិជន​គ្រាន់​តែ​យក​អត្ត​សញ្ញាណ​ប័ណ្ណ ឬ​លិខិត​ឆ្លង​ដែន​ច្បាប់​ដើម​ដែល​មាន​សុពលភាព ហើយ​អញ្ជើញ​ទៅ​កាន់​សាខា​របស់​ធនាគារ អេស៊ីលីដា ដូចជា ៖ ការិយាល័យ​កណ្តាល, សាខា​ខេត្ត​សៀមរាប, សាខា​ខេត្ត​កំពង់​ស្ពឺ, សាខា​ខេត្ត​តាកែវ, និង​សាខា​ខេត្ត​កណ្តាល" ។

បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ប្រសាសន៍​ថា "ការិយាល័យ​ឥណទាន​កម្ពុជា បាន​ចូល​រួម​ចំណែក​ជា​ប្រយោជន៍​យ៉ាង​ច្រើន​ដល់​ភាគី​ពាក់​ព័ន្ធ រួមមាន​ឯកត្តជន ស្ថាប័ន​ធនាគារ​និង​ហិរញ្ញវត្ថុ និង​វិស័យ​ហិរញ្ញវត្ថុ​នានា ។ ដោយ​យល់​ឃើញ​ថា ការិយាល័យ​ឥណទាន​កម្ពុជា មាន​ប្រព័ន្ធ​រាយការណ៍​ព័ត៌មាន​ឥណទាន ច្បាស់​លាស់ និង​ជឿ​ទុក​ចិត្ត មាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​របស់​សមាជិក ភាគី​ពាក់​ព័ន្ធ និង​ក្រុម​ហ៊ុន​នានា ជា​ពិសេស​សហគ្រាស​ធុន​តូច​និង​មធ្យម ក្នុង​ការ​ស្វែងរក​ឥណទាន​ឱ្យ​កាន់​តែ​ប្រសើរ ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ក្តី​សោមនស្ស​រីករាយ ក្នុង​ការ​ចុះ​កិច្ច​ព្រម​ព្រៀង សហ​ប្រតិបត្ដិការ​ជា​មួយ​ការិយាល័យ​ឥណទាន​កម្ពុជា (ស៊ីប៊ីស៊ី) ក្នុង​ការ​បម្រើ​សេវា​ត្រួត​ពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ ឱ្យ​បាន​រឹត​តែ​ទូលំ​ទូលាយ តាម​ការ​ស្នើ​សុំ​ពិនិត្យ​របាយការណ៍​ឥណទាន​ផ្ទាល់​ខ្លួន នៅ​តាម​បណ្តា​ការិយាល័យ រាជធានី សាខា​ខេត្ត-ក្រុង ចំនួន៥ នៃ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។ សេវា​នេះ​នឹង​ជួយ​ដល់​អតិថិន និង​ភាគី​ពាក់​ព័ន្ធ​ក្នុង​ការ​ស្វែងយល់​ពី​ស្ថានភាព​ហិរញ្ញវត្ថុ ក្នុង​ដំណើរការ​ស្នើ​សុំ​ឥណទាន ។

អំពី​ការិយាល័យ​ឥណទាន​កម្ពុជា (ស៊ីប៊ីស៊ី)

ការិយាល័យ​ឥណទាន​កម្ពុជា (ស៊ីប៊ីស៊ី) បាន​បង្កើត​ឡើង​នៅ​ឆ្នាំ២០១២ ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ឥណទាន ឧបករណ៍​វិភាគ និង​សេវាកម្ម​រាយការណ៍​ដល់​ធនាគារ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ក្រុមហ៊ុន​ភតិសន្យា គ្រឹះស្ថាន​ឥណទាន​ជនបទ ប្រតិបត្តិករ​ឥណទាន និង​អ្នក​ប្រើ​ប្រាស់​នានា ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា ។ គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ២០១៨ ស៊ីប៊ីស៊ី មាន​សមាជិក​សរុប ១៥៨ស្ថាប័ន ។

ការិយាល័យ​ឥណទាន​កម្ពុជា (ស៊ីប៊ីស៊ី) ជំរុញ​លំនឹង​សេដ្ឋកិច្ច​ឱ្យ​មាន​ភាព​កាន់​តែ​ប្រសើរ​ឡើង ដោយ​ផ្ដល់​ទិន្នន័យ​ទាន់​ហេតុការណ៍​ប្រកប​ដោយ​សុក្រឹតភាព​ខ្ពស់​ដល់​អ្នក​ប្រើ​ប្រាស់ និង​វិស័យ​ហិរញ្ញវត្ថុ ក្នុង​ការ​គ្រប់​គ្រង​ផ្នែក​ហិរញ្ញវត្ថុ​នៃ​អាជីវកម្ម​របស់​ពួក​គេ ។ យើង​ខ្ញុំ​ជួយ​ស្ថាប័ន​ជា​សមាជិក​ក្នុង​ការ​គ្រប់​គ្រង​ហានិភ័យ​នៃ​ឥណទាន ការពារ​ការ​ក្លែង​បន្លំ​ព័ត៌មាន និង​ការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ប្រកប​ដោយ​ប្រសិទ្ធិភាព​ខ្ពស់ ។ ការិយាល័យ​ឥណទាន​កម្ពុជា (ស៊ីប៊ីស៊ី) ក៏​ជួយ​អ្នក​ប្រើ​ប្រាស់ ក្នុង​ការ​ត្រួត​ពិនិត្យ​របាយការណ៍​ឥណទាន​របស់​ពួក​គាត់​ដើម្បី​ធានា​ថា​ពួក​គាត់​អាច​ទទួល​បាន​ប្រាក់​កម្ចី​ហិរញ្ញវត្ថុ និង​ការពារ​ខ្លួន​ពី​ការ​ក្លែង​បន្លំ​អត្តសញ្ញាណ​ផង​ដែរ ។

អំពី​ធនាគារ អេស៊ីលីដា ភីអិលស៊ី

ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន​ប្រាំ គឺ ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា, ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា, និង អេស៊ីលីដា ប្រូភើធី អិលធីឌី ព្រម​ទាំង​មាន​ការិយាល័យ​តំណាង​នៅ​សាធារណរដ្ឋ​សហភាព​មីយ៉ាន់ម៉ា ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ទ្រព្យសកម្ម​សរុប​ចំនួន​ជាង ៥,៧ ពាន់​លាន​ដុល្លារ​អាមេរិក គិត​មក​ត្រឹម​បំណាច់​ខែធ្នូ ឆ្នាំ២០១៨ នេះ​សមតុល្យ​ឥណទាន​សរុប​ចំនួន ៣,៤៩ ពាន់​លាន​ដុល្លារ​អាមេរិក និង​ប្រាក់​បញ្ញើ​សន្សំ​សរុប​ចំនួន ៣,៧៥ ពាន់​លាន​ដុល្លារ​អាមេរិក និង​មាន​អតិថិជន​ប្រមាណ​ជាង ២,៥ លាន​នាក់ គិត​ត្រឹម​ដំណាច់​ខែធ្នូ ឆ្នាំ២០១៨ នេះ ។


សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់​ទំនង​តាម​រយៈ ៖

លោក ផៃ សុផល
ប្រធាន​ផ្នែក​ទីផ្សារ នៃ​ការិយាល័យ​ឥណទាន​កម្ពុជា (ស៊ីប៊ីស៊ី)
ទូរស័ព្ទ ៖ ០៨៦ ៩៩៩ ៧៦០
អ៊ីម៉ែល ៖ s.phay@creditbureau.com.kh

លោក ផល សុខចំរើន
នាយក​ប្រតិបត្តិរង​ទីផ្សារ នៃ​ធនាគារ អេស៊ីលីដា ភីអិលស៊ី
ទូរស័ព្ទ ៖ ០១៥ ៨០០ ៩០៣
អ៊ីម៉ែល ៖ phal.sokchamreoun@acledabank.com.kh

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

More
ACLEDA Unity ToanChet
883,978 PEOPLE USE THIS
FREE - On the App Store and Google Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់   ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ
ចំនួនអ្នកកំពុងទស្សនា : ១០៦    ចំនួនអ្នកទស្សនាថ្ងៃនេះ : ១៤.៥២៧    ចំនួនអ្នកទស្សនាពីម្សិល : ១៦.៨៦២