តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
✖  យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី

 »  ព័ត៌មាន  »  ព័ត៌មាន​ថ្មីៗ  »  ធនាគារ អេស៊ីលីដា ភីអិលស៊ី និង លី ហួរ ផេប្រ៉ូ ភីអិលស៊ី (លី ហួរ វេរលុយ) ប្រកាស​ជា​ផ្លូវ​ការ​ភាព​ជា​ដៃ​គូ​ផ្តល់​សេវា​ផ្ទេរ​ប្រាក់ និង​ទូទាត់​ប្រាក់​ទូទាំង​ប្រទេស

ធនាគារ អេស៊ីលីដា ភីអិលស៊ី និង លី ហួរ ផេប្រ៉ូ ភីអិលស៊ី (លី ហួរ វេរលុយ) ប្រកាស​ជា​ផ្លូវ​ការ​ភាព​ជា​ដៃ​គូ​ផ្តល់​សេវា​ផ្ទេរ​ប្រាក់ និង​ទូទាត់​ប្រាក់​ទូទាំង​ប្រទេស

ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩

លី ហួរ ផេប្រ៉ូ ភីអិលស៊ី (លី ហួរ វេរលុយ) ជា​ក្រុមហ៊ុន​ផ្តល់​សេវា​ផ្ទេរ​ប្រាក់ និង​ទូទាត់​ប្រាក់ ប្រកប​ដោយ​សុវត្ថិភាព​ទ្វេ​ដង និង​ទំនុក​ចិត្ត​ទ្វេ​ដង បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃគូ​ជា​មួយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុង​ការ​ដាក់​ឲ្យ​ដំណើរការ​នូវ​សេវា ដាក់ និង​ដកប្រាក់ រវាង​គណនី​ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​បណ្តាញ​ភ្នាក់ងារ លី ហួរ វេរលុយ ។ ឥឡូវ​នេះ អតិថិជន​ដែល​មាន​កាត​ឥណទាន និង​គណនី​ធនាគារ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី អាច​ធ្វើការ​ដាក់ និង​ដកប្រាក់​នៅ​តាម ភ្នាក់ងារ លី ហួរ វេរលុយ ជាង ៤.៥០០​កន្លែង​ទូទាំង​ប្រទេស ។

ការ​ដាក់​ឲ្យ​ដំណើរការ​នូវ​សេវា​ទាំង​ពីរ​នេះ នឹង​ជួយ​សម្រួល​ទម្លាប់​ជា​ទូទៅ​របស់​អតិថិជន​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល​គាត់​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីស្នាក់ការ​សាខា​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដើម្បី​ធ្វើ​ប្រតិបត្តិការ​ដក និង​ដាក់​ប្រាក់ ជំនួស​ដោយ​ការ​មក​ប្រើ​សេវា​តាម​ភ្នាក់ងារ លី ហួរ វេរលុយ ដែល​នៅ​ក្បែរ​ផ្ទះ​របស់​គាត់ ។ ភាព​ងាយស្រួល​នេះ នឹង​ជួយ​ឲ្យ​គាត់​ចំណេញ​ពេលវេលា​ដែល​អាច​បង្កើន​ចំណូល​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់​ក្នុង​ការ​ប្រើប្រាស់​សេវា តាម​ភ្នាក់ងារ​លី ហួរ វេរលុយ ដែល​មាន​ដូច​ជា ផ្ទេរប្រាក់ ដាក់ប្រាក់សន្សំ បើកប្រាក់ខែ បង់​ប្រាក់​សង​កម្ចី​ប្រចាំខែ​របស់​ពួក​គាត់ ។

លោកឧកញ៉ា លី ហួរ ប្រធាន​នាយក​ប្រតិបត្តិ ក្រុមហ៊ុន លី ហួរ គ្រុប

ថ្លែង​ក្នុង​ការ​ចុះ​កិច្ចព្រមព្រៀង លោកឧកញ៉ា លី ហួរ ប្រធាន​នាយក​ប្រតិបត្តិ ក្រុមហ៊ុន លី ហួរ គ្រុប មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ការ​សហការ​នេះ​គោលបំណង​រួម គឺ​ផ្តល់​នូវ​ភាព​ងាយ​ស្រួល រហ័ស​ទាន់​ចិត្ត មាន​សុវត្ថិភាព និង​សន្សំ​សំចៃពេល​វេលា​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ជា​អតិថិជន​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដោយឲ្យ​ពួក​គាត់​អាច​ប្រើប្រាស់​សេវាហិរញ្ញវត្ថុ​មួយ​ចំនួន​តាមរយៈ​ភ្នាក់ងារ លី ហួរ វេរលុយ ដែល​មាន​នៅ​ទូទាំង​ប្រទេស​កម្ពុជា ។

លោកឧកញ៉ា លី ហួរ បន្តទៀតថា ការ​ចាប់​ផ្តើម​នេះ​នឹង​ធ្វើ​ឲ្យ​យើង​ឈាន​ដល់​ដំណាក់កាល​មួយ​ទៀត​ក្នុង​បេសកម្ម​របស់​យើង​ដើម្បី​ពង្រីក​វិសាលភាព​ក្នុង​វិស័យហិរញ្ញវិត្ថុ លើក​ស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ និង​ផ្តល់​នូវ​ភាព​ងាយស្រួល​ដល់ពួក​គាត់ មិន​ថា​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​សេវាហិរញ្ញវត្ថុ​ប្រចាំថ្ងៃ ការ​បង្វិល​ប្រាក់​សម្រាប់​ការ​សម្រេច​ចិត្ត​ធ្វើ​ការ​វិនិយោគ​ក្នុង​រយៈពេល​វែង ការ​ដាក់ ឬ​ដក​ប្រាក់​បញ្ញើ​ជា​សាច់ប្រាក់​ភ្លាមៗ និង​ការ​ផ្ដល់​ជូន​នូវ​លទ្ធភាព​ជា​ច្រើន​ផ្សេងទៀត ។

បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី

បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ប្រសាសន៍​ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​សេចក្តី​សោមនស្សរីករាយ ដែល​ក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី បាន​ចាប់​ដៃ​គូ​យុទ្ធសាស្រ្ត សហប្រតិបត្តិការ​ជា​មួយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុង​ការ​បម្រើ​សេវាកម្ម​របស់​ស្ថាប័ន​ទាំង​ពីរ ឲ្យ​បាន​រឹត​តែ​ទូលំទូលាយ​ថែម​ទៀត ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (FinTech) ក្នុង​វិស័យធនាគារ និង​ហិរញ្ញវត្ថុ ដើម្បី​លើក​កម្ពស់​ក្នុង​ការ​ពង្រីក​ប្រតិបត្តិការ​ធនាគារ​ឲ្យកាន់​តែ​ទំនើប ប្រកប​ដោយ​ប្រសិទ្ធភាព និង​សុវត្ថិភាព​ថែម​ទៀត ។

បច្ចុប្បន្ន ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​បណ្តាញ​ម៉ាស៊ីន​អេធីអឹម​ធំជាង​គេ​ចំនួន ៥៧៧គ្រឿង គ្រប់ខេត្ត និង​រាជធានី ទូទាំងប្រទេសកម្ពុជា ទាំង​នៅ​ក្នុង​ការិយាល័យ ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​នៅ​តាម​ផ្សារ​ទំនើប សាកលវិទ្យាល័យ សណ្ឋាគារ ក្រុមហ៊ុននានា ។ល។ ចំពោះ​ម៉ាស៊ីន​ឆូតកាត​អេស៊ីលីដា មាន​ចំនួន​ជាង ៤,០០០ គ្រឿង ព្រម​ទាំង​អតិថិជន​ដែល​កំពុង​ប្រើប្រាស់​អេស៊ីលីដាយូនីធីទាន់ចិត្ត មាន​ចំនួន​ច្រើន​ជាង ៩០០,០០០នាក់ ។ ទន្ទឹម​នឹង​នេះ កិច្ចសហប្រតិបត្តិការ​រវាង​ក្រុមហ៊ុន​ទាំងពីរ គឺ​ក្នុង​គោលបំណង​ដើម្បី​បង្កើនភាព​ងាយស្រួល​ជូន​ដល់​អតិថិជន​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ ដូច​ខាង​ក្រោម ៖

  1. ផ្ទេរប្រាក់ រវាងគណនី Core Banking របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និងគណនី E-Wallet របស់គ្រឹះស្ថាន លី ហួរ ផេ ប្រ៉ូ ភីអិលស៊ី
  2. ផ្ទេរប្រាក់ រវាងគណនីអេស៊ីលីដាយូនីធីទាន់ចិត្ត និងគណនី E-Wallet របស់គ្រឹះស្ថាន លី ហួរ ផេ ប្រ៉ូ ភីអិលស៊ី
  3. ដកប្រាក់ពីគណនី E-Wallet របស់គ្រឹះស្ថាន លី ហួរ ផេ ប្រ៉ូ ភីអិលស៊ី តាមរយៈម៉ាស៊ីន​អេធីអឹម របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដោយមិនប្រើកាត និង
  4. សេវាផ្សេងៗទៀតដែលនឹងសហការគ្នា ទៅតាមស្ថានភាពជាក់ស្តែងនាពេលអនាគត ។

បណ្ឌិត អ៊ិន ចាន់នី បាន​បន្ថែម​ទៀត​ថា កិច្ចសហប្រតិបត្តិការ​នេះ បាន​ជួយ​ជំរុញ​ឲ្យ​ការផ្ទេរបា្រក់​របស់​អតិថិជន​កាន់​តែ​ទូលំទូលាយ ឆាប់រហ័ស ងាយស្រួល និង​មាន​សុវត្ថិភាព ពី​ព្រោះ​ធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី មាន​បណ្តាញ​ប្រតិបត្តិការ​ទូលំទូលាយ​គ្របដណ្តប់​គ្រប់​ខេត្ត-ក្រុង នៃ​ព្រះរាជាណាចក្រកម្ពុជា ។ សមិទ្ធផល​នេះ​បាន​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​អតិថិជន និង​សាធារណៈជន និង​គាំទ្រ​ដល់​ការ​រីកលូតលាស់​របស់​អតិថិជន ជា​មួយ​នឹង​ការ​កាត់បន្ថយចំណាយ និង​ហានិភ័យ ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន​ប្រាំ គឺ​ ៖ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា, អេស៊ីលីដា ប្រូភើធី អិលធីឌី, ធនាគារ អេស៊ីលីដា ឡាវ, និង​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា និង​ព្រម​ទាំង​មាន​ការិយាល័យ​តំណាង​នៅ​សាធារណរដ្ឋ​សហភាព​មីយ៉ាន់ម៉ា ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ទ្រព្យ​សកម្ម​សរុប​ចំនួន​ជាង ៥,៩ ពាន់​លាន​ដុល្លារ​អាមេរិក, សមតុល្យ​ឥណទាន​សរុប​ចំនួន ៣,៦៧ ពាន់​លាន​ដុល្លារ​អាមេរិក, និង​ប្រាក់​បញ្ញើ​សន្សំ​សរុប​ចំនួន ៣,៩២ ពាន់​លាន​ដុល្លារ​អាមេរិក និង​មាន​អតិថិជន​ប្រមាណ​ជាង ២,៥ លាន​នាក់ គិត​ត្រឹម​ដំណាច់​ខែកុម្ភៈ ឆ្នាំ២០១៩ នេះ ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.០៦៨.៨៦៥ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់   ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ
ចំនួនអ្នកកំពុងទស្សនា : ៥៣    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៧៩២    ចំនួនអ្នកទស្សនាពីម្សិល : ១៣.០០៦