តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
✖  យល់ព្រម
English     ភាសាខ្មែរ
ធនាគារ អេស៊ីលីដា ភីអិលស៊ី

 »  ព័ត៌មាន  »  កម្រង​កំណាព្យ​អប់រំ

កាវលិកាហារ និងមនោសញ្ចេតនាហារ

(អាហារដែលបរិភោគចូលតាមមាត់ និង អាហារដែលសោយតាមអារម្មណ៍)
- បទកាកគតិ -
* សព្វសត្វមនុស្សា ត្រូវការអាហារ ដាក់ក្នុងជ្រោះជ្រៅ(១)
  ដើម្បីរួមរស់ សាងយសតទៅ សព្វឋានលំនៅ
    តពូជរកស៊ី ។  
* បុរាណបានចែង អាហារនោះឯង ចែកចេញជាពីរ
  គតិសម្ដែង គេឯងសម្ភី ពន្យល់គ្នាគ្នី
    សាងសុខភិរម្យ ។  
* កាវលិកាហារ បាយទឹកភោក្តា ផ្លែឈើនែកនំ
  ចំណុកចំណី អ្នកឆីតូចធំ រួមរស់ជួបជុំ
    ត្រូវការទាំងអស់ ។  
* អាហារនោះឯង បុរាណបានបែង ជាពីរដោយស្មោះ
  មានអនាម័យ អាស្រ័យសុទ្ធសោះ ល្អសព្វឥតខ្ចោះ
    ចម្រើនសុខភាព ។  
* អាហារស្មោកគ្រោក ធ្វើឱ្យមនុស្សលោក អាប់ឱនទន់ទាប
  បាត់បង់កម្លាំង រោគខ្លាំងចូលជ្រាប ឆីច្រើនដួលរាប
    ស្លាប់ក្លាយផេះផង់ ។  
* មនោសញ្ចេតនា ក៏ជាអាហារ មនុស្សម្នាគ្រប់អង្គ
  ត្រចៀកស្ដាប់សោយ ភ្នែកដោយតាមចង់ ច្រមុះស្រូបស្រង់
    សោយតាមអារម្មណ៍ ។  
* ភ្នែកឃើញបវរ ច្រមុះស្រង់ល្អ ត្រចៀកស្តាប់សម
  ចិត្តចេះរីករាយ សប្បាយហួនហំ កើតកើនឧត្តម
    ប្រាជ្ញាវាងវៃ ។  
* ហិតក្លិនអាក្រក់ សម្លឹងសម្លក់ ស្តាប់មិនប្រពៃ
  តូចចិត្តទោមនស្ស សម្រស់រីងរៃ អារម្មណ៍អស់វៃ
    ប្រាជ្ញាអាប់សូន្យ ។  
* គតិប្រៀបធៀប បុរាណរាប់រៀប ជូនដល់បងប្អូន
  ជម្រាបពូអ៊ំ តូចធំចៅកូន តពង្សតាដូន
    យល់ពីអាហារ ។  
* រស់រានកបកើត ជួយផ្តល់កំណើត កាវលិកាហារ
  ទោះក្តៅត្រជាក់ លោក-អ្នកភោក្តា សុទ្ធល្អផងណា
    មានអនាម័យ ។  
* រាប់ត្រឹមប៉ុណ្ណឹង ជម្រាបឱ្យដឹង មិនគ្រប់វិស័យ
  មនោសញ្ចេតនា អាហារថ្លាថ្លៃ សុទ្ធសឹងតម្លៃ
    សោយផុតទុក្ខា ។  
* បើបាត់បង់មួយ ធ្វើឱ្យអ្នកព្រួយ ខ្វះខាតបញ្ញា
  ខ្សត់ខ្សោយភ្លេចភ្លាំង ស្លាប់ទាំងអាត្មា ត្រូវគិតពិចារណ៍
    សោយល្អទាំងពីរ ។  
* ទាត់កកាយចេញ ក្តីមិនចំណេញ បោះបង់ចាកទី
  ជ្រើសយកអាហារ ភោក្តាទាំងពីរ សោយសុខមូលមីរ
    ចម្រើនបញ្ញា ។  
* ភ្លូកភ្លឹកភ្លេចគិត ស្លាប់ស្លុងគំនិត សុញ្ញពិចារណា
  យកក្តីអាក្រក់ ល្អៀងល្អក់អសារ មិនយល់អាហារ
    ធ្វើឱ្យហិនហោច ។  
* គួរសាងផលល្អ យកក្តីបវរ ដែលជាប្រយោជន៍
  កើតជាមនុស្ស ជម្រុះអសោច ក្តីក្រហិនហោច
    កុំមានឡើយណា ។  
* ទោះទាំងសម្តី កាយចិត្តគប្បី គួរគិតពិចារណ៍
  យកក្តីប្រៀបធៀប របៀបអាហារ ឱ្យគេភោក្តា
    រស់រានបានផង ។  
* ចាស់ទុំផ្តែផ្តាំ លោក-អ្នកចំណាំ រក្សាចាំចង
  ទុកក្នុងគំនិត ញាតិមិត្តប្អូនបង ធ្វើល្អតាមផង
    រុងរឿងក្សេមក្សាន្ត ។  
* គ្រប់ទីទិសា កន្លែងធ្វើការ រុងរឿងថ្កើងថ្កាន
  យល់ន័យអាហារ ភ្លឺថ្លាថ្កើងថ្កាន គ្រួសារនឹងបាន
    មង្គលឧត្តម ។  
(១) ជ្រោះជ្រៅ = ក្រពះ (ដាក់ប៉ុន្មានមិនចេះស្កប់ស្កល់)
ត្រឡប់​ក្រោយ

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
អតិថិជន​កំពុង​ប្រើ ១.១២១.៥៩៨ នាក់
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៨៥    ចំនួនអ្នកទស្សនាថ្ងៃនេះ : ២៣.៨៣៨    ចំនួនអ្នកទស្សនាពីម្សិល : ២៥.៣៧៤