តួលេខ​ក្នុង​វេបសាយ​របស់​យើង​ខ្ញុំ គឺ​សម្រាប់​បង្ហាញ​ជូន​ជា​ព័ត៌មាន​ប៉ុណ្ណោះ និង​អាច​មាន​ការ​កែ​ប្រែ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​សាខា​របស់​យើង​ខ្ញុំ​ដែល​​នៅ​ជិត​លោក​អ្នក ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។
✖  យល់ព្រម
English     ភាសាខ្មែរ

 »  ព័ត៌មាន  »  កម្រង​កំណាព្យ​អប់រំ

ជិត៥០ឆ្នាំកន្លងចងចាំនៅ

- បទពាក្យ៧ -
១- នៅក្មេងដឹងក្តីក្រីក្រណាស់ ជីវភាពមិនផ្លាស់ក្រដដែល
  កាយខ្ញុំកខ្វក់សុទ្ធតែក្អែល រស់តដំណែលគ្រួសារក្រ ។
២- ប្រាំពីរឆ្នាំគត់ចូលសាលា នៅវត្តសិក្សាសែនអំណរ
  រៀនសូត្រចេះចាំជាបន្ត ចេះអានអក្សរត្រេកអរណាស់ ។
៣- ផ្ទះស្លឹកស្ថិតក្នុងចំការចេក គ្មានគ្រែដំណេកជញ្ជាំងប៉ះ
  ស្លឹកពុកធ្លុះធ្លាយដំបូលចាស់ ប្រហោងឃើញច្បាស់ផ្ទៃមេឃា ។
៤- វស្សាភ្លៀងធ្លាក់ត្រជាក់ដី ក្នុងផ្ទះគ្មានអ្វីតម្លៃជា
  មានតែចានឆ្នាំងវែកស្លាបព្រា មុងភួយដូចគ្នាចាស់មិនថ្មី ។
៥- អំបិលប្រហុកពាងក្រឡ ជិតខាប់អង្ករដាក់លើដី
  រោងព្យួររបែងកញ្ច្រែងល្អី ចង្ក្រានឫស្សីដំបូលស្លឹក  ។
៦- ពាងទឹកទូលទនៅមុខផ្ទះ ងូតលាងជម្រះចម្រុះផឹក
  កន្លង់ចោះធ្នឹមឫស្សីសឹក ចោះឈើសំណឹករន្ធរទុះ ។
៧- ទ្រុងមាន់ឫស្សីដីក្រោយផ្ទះ អាគកទទះស្លាបកៀងស្ទុះ
  ដេញជាន់មេផ្អើលឆ្កែដេញព្រុស គីង្គក់ខាំមូសទៀបរាត្រី ។
៨- ព្រឹកព្រាងជ្រូកស្រែកលាន់អ៊ូកៗ គោភ្ញាក់ផ្អើលជ្រូកជាន់ស្មៅខ្ចី
  ថ្ងៃមួយរំភើបបានខោថ្មី មិនហ៊ានលេងដីក្រែងប្រឡាក់ ។
៩- ហូបបាយផឹកទឹកនឹកដល់ម៉ែ រាល់ថ្ងៃឆ្នាំខែម៉ែទុកដាក់
  ដាំស្លបោកគក់នឿយបណ្តាក់ កូនរៀនឡើងថ្នាក់ម៉ែត្រេកអរ ។
១០- ម៉ែមើលថែកូនសព្វចំណី យល់កូនឃ្លានឆីមិនអំណរ
  រកដំឡូងត្រាវយាត្រាចរ ជីកគាស់ស្ងោរស្លកំដរមាត់ ។
១១- ស្រណោះនឹកម៉ែកាន់ឈ្នាងល្អី ប៉ោតឆ្នាំងជាលត្រីត្រាច់រង្គាត់
  ហត់នឿយស៊ូទ្រាំម៉ែមិនមាត់ ប្រឹងទៅជញ្ជាត់កំពឹសត្រី  ។
១២- ខ្ចៅបឹងប្រឹងតោងមែករុក្ខា ទឹកលេចមែកឆ្ការធ្លាក់នៅដី
  ទ្រនំជម្រកខ្ចៅខ្យងត្រី ខ្ចៅតោងឥតបីដូចផ្លែផ្កា ។
១៣- ចំណីស្រែស្រុកសម្បូរបែប បានឆាកង្កែបខែវស្សា
  ដើមឆ្នាំខ្ចៅខ្យងស្ងោរភោក្តា កំពឹសស្រស់ថ្លាលីងសម្ងួត ។
១៤- កូនត្រីជញ្ជាត់គល់ស្លឹកគ្រៃ ល្មៀតគ្រឿងម៉ែលៃឈ្ងុយរមួត
  ត្រួយរាំងសាវម៉ាវស្លឹកកន្តួត បន្លែជួយសួតថ្លើមក្រពះ ។
១៥- ដើមចេកស្លម្ជូរកូនត្រីស្រែ បាយក្តៅនឹកម៉ែអ្នកមេផ្ទះ
  ចិញ្ចឹមកូនចៅនឿយននះ ម៉ែពិតជាព្រះរបស់កូន ។
ត្រឡប់​ក្រោយ

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់
ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)
០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
inquiry@acledabank.com.kh

ព័ត៌មាន​បន្ថែម
អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
១.០៦២.៦៣៥ អតិថិជន​កំពុង​ប្រើ
ទាញយក​ពី App StoreGoogle Play
ផែនទីទំព័រ   ទម្រង់ប្រើជាមួយសេវា   របៀបប្រើសេវាកម្ម   កម្មវិធីគណនា   ព័ត៌មានតាមអ៊ីម៉ែល   លក្ខខណ្ឌសុវត្ថិភាព   កំណត់ចំណាំផ្នែកច្បាប់   ក្រមស្តីពីការប្រតិបត្តិសេវាធនាគារ
ចំនួនអ្នកកំពុងទស្សនា : ២៤៤    ចំនួនអ្នកទស្សនាថ្ងៃនេះ : ៨.១៣៤    ចំនួនអ្នកទស្សនាពីម្សិល : ២០.១១៦